ថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប បង្ហាញវត្តមានគាំទ្រអត្តពលិកដែលមានពិការភាពយ៉ាងកក់ក្ដៅ


ខណៈដែលអត្តពលិករបស់យើង បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពនៅលើទីលានប្រកួត ដើម្បីនាំយកកិត្តិយសជូនជាតិ ពួកគាត់ពិតជាត្រូវការការគាំទ្រ និងជំរុញទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋរបស់យើង។ ជាក់ស្តែង ក្នុងដំណើរការប្រកួតរយៈពេលជាច្រើនថ្ងៃមកនេះ ថ្នាក់ដឹកនាំជាច្រើនរូប បានមានវត្តមានដោយផ្ទាល់នៅតាមទីតាំងប្រកួតនីមួយៗ ដើម្បីផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់អត្តពលិកកម្ពុជា។ វត្តមានរបស់ប្រធានប្រតិភូកីឡាជាន់ខ្ពស់របស់កម្ពុជា បានបង្ហាញកាយវិការនៃការសាទរ និងផ្ដល់ការលើកទឹកចិត្តដល់អត្តពលិកគ្រប់រូបយ៉ាងកក់ក្ដៅ។

ជាការសង្កេត ចាប់តាំងពីដំណើរការប្រកួតថ្ងៃទី១មក សារធារណជន បានផ្តោតការចាប់អារម្មណ៍ទៅលើលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡា ដែលតែងបានបង្ហាញវត្តមាននៅទីតាំងប្រកួតជារៀងរាល់ថ្ងៃ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់អត្តពលិក រួមទាំងការផ្ដល់កិត្តិយសបំពាក់មេដាយជូនដល់អត្តពលិកកម្ពុជា និងអត្តពលិកនៃបណ្ដាប្រទេសជាមិត្តដែលបានចូលរួមក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះផងដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាមមាញឹកនឹងការងារច្រើនយ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ានី បានអញ្ជើញទស្សនាការប្រកួតរបស់អត្តពលិកបណ្ដើរ និងធ្វើការបណ្ដើរ រួមជាមួយនឹងស្នាមញញឹមនៅលើមុខជានិច្ច មិនថាកម្ពុជាទទួលបានលទ្ធផលបែបណាក៏ដោយ។ «ក្នុងនាមជាអ្នកដែលគាំទ្រពួកគាត់ ទោះបីជាលទ្ធផលបែបណាក៏ដោយ ក៏នៅតែគាំទ្រ» នេះជាប្រសាសន៍របស់ឯកឧត្តមហ៊ុន ម៉ានី ដែលបញ្ជាក់ពីទំហំទឹកចិត្តនៃការគាំទ្រយ៉ាងពិតប្រាកដ។

តាមរយៈរូបភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ថ្នាក់ដឹកនាំបានផ្ដល់ការយកចិត្តទុកដាក់ខ្លាំងចំពោះអត្តពលិកពិការរបស់កម្ពុជាគ្រប់កាលៈទេសៈមិនថាលទ្ធផលឈ្នះ ឬចាញ់ ដូចអ្វីដែលលោកតែងបានលើកឡើងថា ថា«ពេលឈ្នះ យើងនៅជាមួយគាត់ តែពេលគាត់ចាញ់ យើងចាំបាច់ត្រូវតែនៅជាមួយគាត់»។ ភាពជាម្ចាស់ផ្ទះរបស់កម្ពុជានាឱកាសនេះ ពិតជាបានផ្តល់នូវឱកាសពេញលេញសម្រាប់អត្តពលិកគ្រប់ៗរូប ចូលរួមបង្ហាញនូវស្មារតីតស៊ូ ប្រកួតប្រជែងដើម្បីភាពជោគជ័យលើសពីពិការភាពរបស់ខ្លួន។

សូមជម្រាបថា ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការប្រកួត មុននឹងឈានចូលកម្មវិធី«បិទ»ជាផ្លូវការនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាថ្ងៃស្អែកនេះ ដោយកម្ពុជា បានឡើងទៅឈរលេខ ៨បន្ទាប់ពីបានឈ្នះមេដាយសរុបចំនួន៦៤ ក្នុងនោះមេដាយមាស ៩គ្រឿង ប្រាក់១៩ និង សំរិទ្ធ ៣៦ ដោយគិតត្រឹមម៉ោង៧:៣៦នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ។ នេះជាលទ្ធផលដែលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្លាប់ធ្វើបានក្នុងអាស៊ានប៉ារ៉ាហ្គេមចំនួន១០លើកកន្លងមក ដោយការប្រកួតចុងក្រោយនៅឆ្នាំ២០២២នៅ ប្រទេសឥណ្ឌូណេស៊ី កម្ពុជារកបានមេដាយសរុប២៨គ្រឿង គឺមាស៧ ប្រាក់១០ និង សំរិទ្ធ១១៕