«បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាវិស័យអាទិភាពមួយក្នុងបណ្តាវិស័យអាទិភាពដ៏ទៃទៀត»
នេះជាប្រសាសន៍សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាដអញ្ជើញកាត់ខ្សែរបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង០១ខ្សែរ មានទទឹង៨ម៉ែត្រ បណ្តោយ៩៨ម៉ែត្រ និងផ្លូវបេតុង០១ខ្សែរតភ្ជាប់សងខាងស្ពាន ដែលមានទីតាំងស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នពេញ នារសៀលថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ។
សម្ដេចកិត្តិបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាវិស័យអាទិភាពមួយក្នុងបណ្តាវិស័យអាទិភាពដ៏ទៃទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយបានដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល និងជាពិសេសផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនោះផងដែររាជរដ្ឋាភិបាលក៏បានខិតខំស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើនខ្វាត់ខ្វែងដូចសរសៃឈាមនៅពាសពេញផ្ទៃប្រទេស សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត និងលើកកំពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរោឡើងជាលំដាប់៕
គួរបញ្ជាក់ថា សមិទ្ធិផលដែលបានសម្ពោធឲ្យប្រើប្រាស់នៅក្នុងថ្ងៃនេះ ជាអំណោុដ៏ថ្លៃថ្លារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទរពអ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅរាជធានីភ្នំពេញ រួមមាន ស្ពានបេតុង០១ខ្សែរ មានទទឹង៨ម៉ែត្រ បណ្តោយ៩៨ម៉ែត្រ និងផ្លូវបេតុង០១ខ្សែរ (ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត) ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ និងបានចំណាយថវិការសាងសង់អស់ ១លាន៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមការគាំទ្រជាថវិការបស់ ឧកញ៉ា អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនរិទ្ធីសិដ្ឋ ដេវែឡូបមឹន រួមជាមួយនឹងសហការី ។
ប្រភព: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន