|

«កម្ពុជាបានឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ចំណងមិត្តភាព និងសាមគ្គីភាពជាមួយដល់មីយ៉ាន់ម៉ា ក្នុងកាលៈទេសៈដ៏លំបាក»


រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយមនុស្សធម៌ចំនួន ៣សែនដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆានាពេលថ្មីៗនេះ ដែលបានបង្កសោកនាដកម្មបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញនៃប្រទេសមីយ៉ាន់ម៉ា។

កាយវិការមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាព និងសាមគ្គីភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សំដៅរួមចំណែកជួយសម្រួលដល់ដំណើរការស្ដារប្រទេសឡើងវិញ។

គួរបញ្ជាក់ថា នៅក្នុងពិធីប្រគល់-ទទួលបានប្រារព្ធឡើងនៅថ្ងៃទី០២ ខែមិថុនា នៅទីស្ដីការក្រសួង ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម អ៊ូ ធីត លីញអូន ឯកអគ្គរាជទូតនៃសាធារណសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយសង្ឃឹមថាមីយ៉ាន់ម៉ានឹងជម្នះស្ថានភាពដ៏លំបាកនេះបានឆាប់រហ័ស៕

ប្រភព: Ministry of foreign affairs and Cooperation- Cambodia