ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងអំណរគុណ និងកោតសរសើរសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តម ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ធ្វើការដឹកនាំក្រុមការងារ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកកងមាស ខេត្តកំពង់ចាម។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំកៀរគរថវិកា និងចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះបំពេញបេសកកម្មមនុស្សធម៌ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកកងមាសនេះ ក៏ដូចជានៅក្នុងទូទាំងប្រទេសផងដែរ។
ឯកឧត្តមបានបន្តថា សកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងស្រុកកងមាស ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។
គួរបញ្ជាក់ថា ជានិច្ចកាលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី តែងបានចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានានាជាបន្តបន្ទាប់។ សកម្មភាពនេះបានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងសុខភាពប្រជាពលរដ្ឋទូទៅ ព្រោះសុខភាពគឺជាកត្តាចំបងដែលបងប្អូនប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន ធ្វើឲ្យសេដ្ឋកិច្ចសង្គម ក៏ដូចជាសេដ្ឋកិច្ចគ្រួសារមានកំណើនជាបន្តបន្ទាប់ នៅក្នងឱកាសដែលប្រជាពលរដ្ឋយើងកំពុងរស់ក្នុងសុខសន្តិភាពពេញលេញ។
ប្រភព: MoEYS