តើនឹងមានអ្វីកើតឡើងប្រសិនបើថៃបញ្ចូលក្រមាថៃក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ខណៈដែលកម្ពុជាបានធ្វើការលើរឿងនេះ ២ឆ្នាំមកហើយ?
ថ្មីៗនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា រដ្ឋាភិបាលថៃ គ្រោងនឹងចុះបញ្ជីក្រមាប្រពៃណីរបស់ប្រទេសថៃ គឺ ផាមួងម៉ា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទូទាំងពិភពលោក។
ការដាក់ក្ដីរំពឹងបែបនេះ ធ្វើឡើងបន្ទាប់ពីការសម្តែងចំនួនពីរដោយអ្នករាំថៃស្លៀកសំលៀកបំពាក់ប្រពៃណី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងទិវារបាំពិភពលោកឆ្នាំ២០២៣ ដោយការសម្តែងលើកដំបូងបានបង្ហាញពីរបៀបដែលអ្នកភូមិថៃស្លៀកខោក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ និងការសម្ដែងទី ២ មានអ្នករាំស្លៀកសម្លៀកបំពាក់ប្រពៃណីមកពីគ្រប់តំបន់នៃប្រទេសថៃ។
ដោយឡែក កម្ពុជាយើងបានធ្វើការពាក់ព័ន្ធនឹងការស្នើបញ្ចូលក្រមាខ្មែរចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូរយៈពេល២ឆ្នាំមកហើយ មានទាំងការសម្របសម្រួលការងាររៀបចំឯកសារនានាដើម្បីស្នើ បោះពុម្ពជាសៀវភៅ ចុះបញ្ជីសារពើភណ្ឌ និងព្យាយាមធ្វើបច្ចុប្បន្នភាពមរតកអរូបីទាំងនោះ បន្តទៀត។
ជុំវិញបញ្ហានេះ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានបញ្ជាក់ថា អង្គការយូណេស្កូមានគោលការណ៍លើកទឹកចិត្តឱ្យដាក់សម្បត្តិវប្បធម៌អរូបីរួមគ្នា ដោយហេតុថាចំពោះមរតកវប្បធម៌អរូបីតែងមានឥទ្ធពលគ្នាឆ្លងគ្នាទៅវិញទៅមក និងមានលក្ខណៈពិសេសទៅតាមប្រទេសនីមួយៗ ដែលយើងមិនគួរយក មរតកវប្បធម៌អរូបីមកឈ្លោះគ្នានោះទេ។ លោកក៏បានឱ្យដឹងផងដែរថា បើកម្ពុជា ឬប្រទេសណាស្នើដាក់ក្រមាក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់ យូណេស្កូជាប់ មិនមែនមានន័យថា ប្រទេសផ្សេងៗទៀតមិនអាចដាក់បានទៀតទេ គឺយូណេស្កូអាចបន្ថែមបាន។
គួរបញ្ជាក់ផងដែរថា កម្ពុជាធ្លាប់បានបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោកដែលមានប្រវែងរហូតដល់ទៅជាង ១០០០ម៉ែត្រ (១,១៤៩.៨ ម) ទទួលស្គាល់ដោយGuinness World Records កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨៕
ប្រភព៖ The National Thailand