គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ត្រូវបានដាក់ឱ្យដំណើរការហើយ!
នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ពិធីដាក់ឱ្យដំណើរការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍនានា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមន្ត្រីអនុវត្តគម្រោងប្រតិភូមន្ទីរអប់រំ រាជធានី-ខេត្ត លោកនាយក នាយិកាសាលាគោលដៅជាច្រើនរូប។
ថ្លែងនាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថាគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ គឺជាហិរញ្ញប្បទានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលត្រូវបានចុះកិច្ចព្រព្រៀងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ គ្រប់គម្រោងគាំទ្រពីដែគូអភិវឌ្ឍន៍ទាំងអស់ដើរតួនាទីស្នូល ក្នុងកំណែទម្រង់វិស័យអប់រំ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
គួររំលឹកផងដែរថា គម្រោងនេះត្រូវអនុវត្តរយៈពេល៦ឆ្នាំ ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលគម្រោងចូលជាធរមាន រហូតដល់ខែធ្នូ ឆ្នាំ២០២៨ ដោយផ្តល់ការគាំទ្រដល់វិទ្យាល័យគោលដៅចំនួន២៥៩សាលា ដែលក្នុងនោះរួមមាន វិទ្យាល័យធនធាន៥០ វិទ្យាល័យបណ្តាញ១០២ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ៤ និងវិទ្យាល័យទូទៅ១០៣ ត្រូវបានបំពាក់ឧបករណ៍ស្ទែម និងបច្ចេកវិទ្យាព័ត៌មាន និងទទួលបានការបណ្តុះបណ្តាល លើចំណេះដឹងគរុកោសល្យ និងវិធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍ ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងការបង្រៀនមុខវិជ្ជាស្ទែម និងសហគមន៍សិក្សាវិជ្ជាជីវៈ៕
MoEYS Cambodia