| |

សម្ដេច ហ៊ុន សែន បញ្ជាក់ថា៖ ប្រសិនបើបរទេសចង់បានការគាំទ្រពីកម្ពុជា គឺត្រូវគោរពតាមគោលការណ៍ធំៗ៣ នៃគោលនយោបាយការបរទេសរបស់កម្ពុជា


ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ថ្លែងប្រសាសន៍ក្នុងឱកាសនេះ សម្ដេចបានអរគុណដល់ម្ចាស់រោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ដែលបានធ្វើឱ្យតំបន់សេដ្ឋកិច្ចនេះ មានការអភិវឌ្ឍ រីកចម្រើនយ៉ាងល្អប្រសើរ ជាមួយនឹងការវិនិយោគដែលបានផ្ដល់ការងារជូនប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរួមគ្នាជាមួយមិត្តចិន ថែរក្សាតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យក្លាយជាតំបន់ដ៏មានសក្ដានុពល។

សម្ដេចបានរំលេចពីសារបានដែលកម្ពុជាអាចស្ថិតនៅក្នុងចំណោមប្រទេស១៥០ និងអង្គការអន្តរជាតិ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដែលផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីចិន។ នេះជាចំណុចដែលស្របជាមួយនឹងគោលនយោបាយពីដើម ដល់ចប់របស់កម្ពុជា ដែលក្នុងនោះ ប្រសិនបើបរទេសចង់ឱ្យកម្ពុជាគាំទ្រ អ្វីដែលជាវត្ថុបំណង គឺទី១ រាល់គំនិតផ្ដួចផ្ដើមទាំងអស់ត្រូវតែបម្រើឱ្យសន្តិភាព និងការអភិវឌ្ឍ ទី២ កុំប្រឆាំងជាមួយប្រទេសណា និងទី៣ ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។

គួរបញ្ជាក់ផងដែរថា កម្មវិធីនាព្រឹកនេះ គឺមានពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ២ម៉ឺននាក់ ការទស្សនាពិព័រណ៍សមិទ្ធផលក្នុងតំបន់សេដ្ឋ កិច្ចពិសេសក្រុង ព្រះ សីហនុ និងការសម្ពោធដាក់ឱ្យដំណើរការ រោង ចក្រផលិតសំបកកង់ ដែលកម្មវិធី ទាំង៣នេះ ធ្វើឡើងដើម្បី អប អរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ដោយកិច្ចសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីកម្មករ និយោជិត សរុប ចំនួន ២៤,២៣៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧៥ នៅក្នុងតំបន់សេដ្ឋ កិច្ច ពិសេសក្រុងព្រះសីហនុ៕

រូបភាព: AKP