| | |

បន្ទាប់ពីរង់ចាំរយៈពេល៦៤ឆ្នាំ កម្ពុជាកំពុងបំបែកកំណត់ត្រាថ្មី សម្រាប់ការដណ្ដើមមេដាយពីស៊ីហ្គេម


ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកចុងក្រោយកាលពីឆ្នាំកន្លងទៅ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន៦៣ ក្នុងនោះមានមេដាយមាស ៩ មេដាយប្រាក់ ១៣ និងមេដាយសំរឹទ្ធ ៤១។ ដោយឡែក ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធជាម្ចាស់ផ្ទះ គិតត្រឹមម៉ោង ១១:៥០នាទី ថ្ងៃទី ៧ ខែឧសភា កម្ពុជានៅតែបន្ដឈរ នៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយមាសច្រើនជាង គេ នៅស៊ីហ្គេម២០២៣ ដោយទទួលបានមេដាយមាសចំនួន ២០ មេដាយប្រាក់ ១៣ និងមេដាយសំរឹទ្ធចំនួន១៧ សរុប៥០គ្រឿង ខណៈដែលការប្រកួតនៅសល់រយៈពេលជាច្រើនថ្ងៃទៀត។

ក្រៅពីចំនួនមេដាយ កម្ពុជាក៏កំពុងឈរលើតារាងកំពូល ដែលមានអត្តពលិកចូលរួមប្រកួតច្រើនជាងគេ សរុបចំនួន ៨៩៦នាក់ផងដែរ។ ជាមួយនឹងសមិទ្ធផលដែលយើងទទួលបាន បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យកីឡា រួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ប្រតិភូកីឡា និងអត្តពលិកកម្ពុជាក្នុងការនាំមេដាយកិត្តិយសជូនជាតិ។

គួរបញ្ជាក់ផងដែរថា ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមមេដាយសរុបចំនួន ៥១៥១ ដែលជាមេដាយមាស ប្រាក់ និងសំរឹទ្ធសម្រាប់បំពាក់ជូនអត្តពលិក ក្នុងចំណោមវិញ្ញាសារកីឡាទាំង៣៧ប្រភេទ៕