|

ក្រសួងកសិកម្ម គឺជាក្រសួងទី១ ដែលបានភ្ជាប់ MOUប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល


កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU)សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណេតរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានាឱកាសនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និងការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរបស់ខ្លួន បង្កភាពងាយស្រួលនិងប្រសិទ្ធភាពការងារ និងបង្កើតប្រព័ន្ធបច្ចេកវិទ្យា (Develop Digital System) ដើម្បីជួយដល់ការងារកសិកម្មតាំងពីកសិករអ្នកផលិតរហូតដល់ទីផ្សារផងដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី នេះជាការអភិវឌ្ឍទំនើបកម្មក្នុងវិស័យកសិកម្ម ហើយក្រសួងកសិកម្មគឺជាក្រសួងទី១ ដែលភ្ជាប់ MOU នេះសម្រាប់រដ្ឋាភិបាលនិងសង្គមជាតិ និងជាសក្ខីភាពបង្ហាញថា “ខ្មែរអាចធ្វើបាន”។

សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងទទួលរៀបចំបច្ចេកវិទ្យាលើការងារនេះ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពការងារខ្ពស់ជូនដល់ស្ថាប័ននានា និងប្រជាពលរដ្ឋ ដើម្បី ចំណាយថវិកាតិច ចំណេញពេលវេលា និងការពារមិនឱ្យមានការក្លែងបន្លំ៕

ប្រភព៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍