| |

ជាមួយនឹងល្បឿនរីកចម្រើនបំផុតនៅអាស៊ីអាគ្នេយ៍ កម្ពុជាបានធ្វើឱ្យបរទេសកាន់តែសម្លឹងឃើញពីទីផ្សារវិនិយោគដ៏មានឥទ្ធិពល


សេដ្ឋកិច្ចកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសក្តានុពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយទទួលបានកំណើន ៥.១ ភាគរយនៅឆ្នាំ ២០២២។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱកាសថ្មីសម្រាប់ការនាំចេញសំខាន់ៗ ដែលរួមមានគ្រាប់ធញ្ញជាតិ ផ្លែឈើ សាច់ អាហារកែច្នៃ សម្លៀកបំពាក់ ស្បែកជើង និងទំនិញសំខាន់ៗផ្សេងទៀត។ នេះជាការសម្លឹងឃើញរបស់ UAE បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយជាមួយកម្ពុជា។

សហភាពអារ៉ាប់រួម និងព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រជាជាតិទាំងពីរ។ ថ្មីៗនេះ ការបញ្ចប់ការចរចាដោយជោគជ័យត្រូវបានបញ្ជាក់ជាមួយនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីក្រសួងការបរទេស UAE។

កិច្ចព្រមព្រៀងនេះនឹងដើរតួជាកាតាលីករក្នុងការបង្កើន និងធ្វើពិពិធកម្មពាណិជ្ជកម្មទ្វេភាគីដោយការលុបបំបាត់ពន្ធគយយ៉ាងច្រើន កាត់បន្ថយរបាំងពាណិជ្ជកម្មមិនមែនពន្ធ និងការលើកកម្ពស់ពាណិជ្ជកម្មលើទំនិញ សេវាកម្ម និងការវិនិយោគ។ វាបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-អារ៉ាប់រួមដែលរីកចម្រើនក្នុងឆ្នាំ ២០២២ បណ្តាលឱ្យពាណិជ្ជកម្មមិនមែនប្រេងលើសពី ៤០១ លានដុល្លារ ដែលតំណាងឱ្យកំណើន ៣១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ និង ១៤៦ ភាគរយបន្ថែមទៀតនៅមុនឆ្នាំ ២០១៩ ។ ជាមួយគ្នានេះ ត្រូវបានគេរំពឹងថាកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ភាគខាងកើត-ខាងលិច ផ្តល់នូវទីផ្សារថ្មីដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិត វិនិយោគិន និងអ្នកផ្តល់សេវាកម្ម និងផ្តល់ជូនអ្នកនាំចេញរបស់ពួកគេនូវវេទិកាសំខាន់សម្រាប់ការពង្រីកទីផ្សារសកល។

បើនិយាយពីការវិនិយោគ FDI ទ្វេភាគី បានកើនដល់ ៣,៨ លានដុល្លារ នៅចុងឆ្នាំ២០២០។ UAE នឹងទទួលបានអត្ថប្រយោជន៍ពីឱកាសនាំចេញថ្មីនៅក្នុងគ្រឿងម៉ាស៊ីន ប្រេង និងប្រេងរំអិល និងរថយន្ត និងគ្រឿងបន្លាស់រថយន្ត ព្រមទាំងឱកាសវិនិយោគក្នុងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ គម្រោងធ្វើដំណើរ និងទេសចរណ៍ និងថាមពលកកើតឡើងវិញផងដែរ។ ដោយឡែក វិស័យផលិតកម្មស្បៀង និងកសិកម្មជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងជួយឱ្យដៃគូសម្រេចបាននូវមហិច្ឆតាសន្តិសុខស្បៀងផងដែរ។

គួរបញ្ជាក់ថា ការចរចាបានចំណាយពេលតិចជាងប្រាំមួយខែដើម្បីបញ្ចប់ ដែលជាការបង្ហាញយ៉ាងច្បាស់អំពីបំណងប្រាថ្នារួមគ្នារបស់ភាគីទាំងពីរ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងបង្កើតឱកាសថ្មីដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ ចាប់តាំងពីការផ្តួចផ្តើមគំនិត CEPA របស់ UAE-Cambodia កម្ពុជាក៏ជឿជាក់ថា កិច្ចព្រមព្រៀងនេះពិតជានឹងជាកម្លាំងរុញច្រានដ៏អស្ចារ្យមួយទៀតសម្រាប់កំណើន និងវិបុលភាពរួមគ្នា តាមរយៈការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ ការលើកកម្ពស់លំហូរពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោគទ្វេភាគីរវាងកម្ពុជា និង UAE ស្របពេលដែលរបៀបវារៈពាណិជ្ជកម្មបរទេសថ្មីរបស់ UAE គឺជាសមាសធាតុស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់ប្រទេស ដែលស្វែងរកការកើនឡើងទ្វេដងនៃទំហំសេដ្ឋកិច្ចពី $៣៨១bn ទៅ $៧៦២bn នៅឆ្នាំ ២០៣០៕

ប្រភព៖ Gulf Business