|

ហ្វីលីពីន កោតសរសើរកម្ពុជាចំពោះការសម្រេចចិត្តដ៏ពិសេស និងមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម


ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន Rep. Abraham “Bambol” Tolentino បានថ្លែងអំណរគុណចំពោះកម្ពុជា ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) ដែលបានសម្រេចមិនគិតថ្លៃអាហារ និងសេវាស្នាក់នៅសម្រាប់គណៈប្រតិភូកីឡាដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នោះ។

ជុំវិញសេចក្ដីសម្រេចនេះ លោកបានលើកឡើងថា កម្ពុជាបានដាក់ជំហានឆ្ពោះទៅមុខយ៉ាងល្អបំផុតក្នុងគោលដៅរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមដោយជោគជ័យ ជាមួយនឹងការសម្រេចចិត្តដ៏ពិសេស និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេមកន្លងមក។

ជាមួយគ្នានេះ ក៏បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃក្រុមកីឡាប្រចាំតំបន់ និងភ្ញៀវអន្តរជាតិរបស់យើង ក្នុងបរិយាកាសប្រកបដោយសាមគ្គីភាព និងមិត្តភាព។

គួរបញ្ជាក់ថា កម្ពុជារំពឹងនឹងមានកីឡាករ-កីឡាការិនី គ្រូបង្វឹក និងបុគ្គលិកជាង ១២,០០០នាក់ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលសំខាន់ (ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ និងនៅខេត្តកែប កំពត ព្រះសីហនុ និងសៀមរាប។

ប្រភព: VNA, Sport inquirer.net