|

២០២៣ កម្ពុជាមានចរន្តភ្ញៀវទេសចរច្រើន ដែលមិនធ្លាប់មានក្នុងឱកាសបុណ្យចូលឆ្នាំកន្លងមក


ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទើបតែបានបញ្ចប់ទៅ ដោយបន្សល់ទុកនូវស្នាមញញឹម ការចងចាំ និងភាពសប្បាយរីករាយក្នុងស្មារតីជួបជុំនៃមហាគ្រួសារខ្មែរខ្នាតធំលើកដំបូង ក្រោយវិបត្តិកូវីដ-១៩។ ក្នុងអំឡុងពេល ០៣ថ្ងៃនេះ ប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី-ខេត្ត បានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន និងតំបន់កម្សាន្តនានាយ៉ាងច្រើនកុះករ។

តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ មានភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់ និងភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់។

តួលេខនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក ច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត និងជាចំនួនមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនេះ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ ជាមួយគ្នានេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។

គួរបញ្ជាក់ថា លទ្ធផលជាវិជ្ជមាននេះ សម្រេចបានគឺបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សំបូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស៕

ប្រភព: ក្រសួងទេសចរណ៍