កាន់តែវែងឆ្ងាយហើយ! ថៃបានលើកឡើងថាសកម្មភាពរបស់ Thiago គឺ មានហេតុផលនយោបាយ ជាមូលដ្ឋានបង្អាប់កីឡាជាតិថៃ ដោយញុះញង់ឲ្យមានការស្អប់ខ្ពើមគ្នា
អ្នកនិយមតាមដានប្រដាល់គុនខ្មែរប្រកដជាបានជ្រាបច្បាស់អំពីបញ្ហាចម្រូចម្រាសរវាងគុនខ្មែរ និងមួយថៃ។ ជាក់ស្ដែងថ្មីៗនេះ កីឡាករសញ្ជាតិប្រេស៊ីល Thiago Teixeira បានធ្វើដំណើរទៅប្រទេសអាឡឺម៉ង់ដើម្បីចូលរួមក្នុងការប្រកួតកម្រិតមធ្យមនៃកម្មវិធី Apex Fight Series ដែលរៀបចំដោយ WMO ក្នុងនាមជាតំណាងគុនខ្មែរ។ ជាលទ្ធផលកីឡាកររូបនេះ បានឈ្នះខ្សែក្រវ៉ាត់ WMO World Muay Thai Organization Middlewieght ពីការប្រកួតនោះ។
យ៉ាងណាមិញ ក្រោយលទ្ធផលនៃការប្រកួតនេះ WMO បានប្រកាសកាលថាពួកគេនឹងរឹបអូសតំណែងរបស់ Thiago Teixeira និងបានហាមឃាត់កីឡាកររូបនេះពីការប្រកួតនានា ដែលរៀបចំដោយស្ថាប័ន WMO។ នៅក្នុងផ្នែកមួយនៃសេចក្តីប្រកាស WMO បានបញ្ជាក់ថា បន្ទាប់ពីការពិនិត្យយ៉ាងហ្មត់ចត់លើសកម្មភាពរបស់ Thiago ទាំងមុន និងក្រោយការប្រកួត គេសង្កេតឃើញចេតនារបស់គាត់ក្នុងការបន្តុះបង្អាប់មួយថៃ និងមានហេតុផលនយោបាយជាមូលដ្ឋានញុះញង់ឲ្យមានការស្អប់ខ្ពើមគ្នា»។ សហព័ន្ធអន្តរជាតិនៃសមាគម Muaythai Associations (IFMA) ថែមទាំងបានប្រកាសថា ប្រទេសណាដែលចូលរួមក្នុងគុនខ្មែរ នឹងត្រូវហាមឃាត់មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ព្រឹត្តិការណ៍កីឡាពិភពលោក កីឡាអាស៊ីក្នុងផ្ទះ ហ្គេមក្បាច់គុនអាស៊ី និងជើងឯកប្រដាល់ពិភពលោក។
ជាមួយគ្នានេះ ថៃបានលើកឡើងថានេះជាបំណងរបស់កម្ពុជាកំពុងជំរុញឱ្យមានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការប្រកួតប្រដាល់គុនខ្មែរ។ យ៉ាងណាមិញ ហេតុផលដ៏ចម្បងមួយដែលថៃមិនពេញចិត្ត គឺដោយសារតែ Thiago Teixeira ជាកីឡាករដែលពីមុនធ្លាប់ហ្វឹកហាត់ Muay Thai នៅភូកេតប្រទេសថៃ ហើយមានស្នាមសាក់អក្សរ “Muay Thai” នៅលើខ្នងរបស់គាត់ ក្រោយមកអ្នកប្រដាល់រូបនេះបានប្តូរឈ្មោះ Facebook របស់គាត់ទៅជា Thiago Teixeira Kun Khmer ហើយបានប្រកាសថាគាត់ស្រលាញ់ និងគាំទ្រគុនខ្មែរ ជាហេតុធ្វើឱ្យថៃរកាំរកូស ថែមទាំងមិនប្រគល់ប្រាក់រង្វាន់សម្រាបការប្រកួតចុងក្រោយនេះទៀតផង។
ជុំវិញបញ្ហានេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ២០,០០០ដុល្លារ និងស្នើសុំព្រះមហាក្សត្រផ្ដល់សញ្ជាតិជូនកីឡាករ Thiago នេះដោយយោងតាមសារបញ្ជាក់តាមរយៈតេលេក្រាមផ្ទាល់របស់សម្ដេច។ ក្រៅពីនេះក៏មានការឧបត្ថម្ភពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ លោកជំទាវ ភឿង សក្កណា និងលោកឧកញ៉ាស្រី ចាន់ថនផងដែរ ដើម្បីជាការលើកទឹកចិត្ត៕
ប្រភព: The Thaiger