ទស្សនៈនិស្សិត ជុំវិញបញ្ហាគម្លាតរវាងភាពទាន់សម័យ និងភាពត្រឹមត្រូវ
បច្ចុប្បន្ននេះ ពិភពលោកហាក់ដូចជាបាននិងកំពុងបោះជំហានដ៏វែងឈានទៅរកការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដែលនាំឥរិយាបថមនុស្សផ្លាស់ប្ដូរទៅរកទំនោរដែលហួសពីការដែលយើងធ្លាប់រំពឹងទុក។ មនុស្សជាតួអង្គសំខាន់ ដែលកំណត់ឱ្យមានការផ្លាស់ប្ដូរនាំមកនូវភាពល្អប្រសើរ និងងាយស្រួល ខណៈដែលពេលខ្លះវាជាការផ្លាស់ប្ដូរទៅរកភាពអវិជ្ជមានគួរឱ្យបារម្ភ។ ដូច្នេះ ឥរិយាបថរបស់មនុស្ស គឺជាអ្វីដែលយើងគួរចាប់អារម្មណ៍។
កញ្ញា លី មុនីនាថ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្ហាញការយល់ឃើញថា នេះជាបញ្ហាដែលយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់ ដើម្បីសុខដុមរមនាក្នុងសង្គម។ ឥរិយាបថ និងផ្នត់គំនិតមនុស្សបានជះឥទ្ធិពលដល់សង្គមទាំងមូល ខណៈដែលនៅក្នុងយុគសម័យទំនើប យើងអាចមើលឃើញបានកាន់តែឆ្ងាយ និងកាន់តែទូលំទូលាយ។ បច្ចេកវិទ្យាទំនើប រួមទាំងទំនាក់ទំនងរវាងមនុស្ស និងមនុស្សមកពីទីកន្លែងផ្សេងគ្នា អាចឱ្យយើងទទួលឥទ្ធិពលការគិត និងទម្លាប់បែបបទនៃការប្រព្រឹត្តពីគ្នាទៅវិញទៅមក។ អ្វីដែលជាការពេញនិយមនៃមនុស្សភាគច្រើន នាំឱ្យយុវជនយើងមួយចំនួនយល់ថាជារឿងត្រឹមត្រូវ ទាំងដែលទំនោរទាំងនេះផ្ទុយគ្នាពីបែបបទ និងការប្រកាន់ខ្ជាប់របស់យើង។
យុវនិស្សិតរូបនេះបន្តថា ការព្យាយាមរត់ឱ្យទាន់សម័យកាល បើកចិត្តទទួលការសាយភាយពីឥទ្ធិពលបរទេសជារឿងល្អក្នុងន័យរៀនសូត្រ និងអភិវឌ្ឍខ្លួន ប៉ុន្តែនិយាយដោយឡែកយុវជនគួរមានការគិតអំពីភាពគួរសម ដោយផ្អែកលើមូលដ្ឋាននៃប្រពៃណីរបស់យើងផងដែរ ដើម្បីកុំឱ្យប្រាសចាកពីសីលធម៌សង្គម និងភាពត្រឹមត្រូវ។
ដោយឡែក លោក វាសនា បញ្ញា និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគន៍បានលើកឡើងថា ផ្នត់គំនិតរបស់មនុស្ស គឺតែងប្រែប្រួល និងវិវត្តតាមសម័យកាលទៅតាមបរិបទដែលសង្គមបានពើបប្រទះ។ ដូច្នេះក្នុងសម័យទំនើប ប្រាកដណាស់ទាំងសកម្មភាព និងការគិត មនុស្សបានផ្លាស់ប្ដូរខ្លួនឯងទាំងជាចេតនា និងពេលខ្លះទៀតជាការផ្លាស់ប្ដូរដោយពុំបានព្រាង ដើម្បីបំពេញតម្រូវការ និងសម្របខ្លួនទៅនឹងភាពទាន់សម័យកាល ដោយផ្អែកទៅលើទំនោររបស់មនុស្សភាគច្រើន។ ដូច្នេះ បញ្ហាទាំងអស់នេះ នាំឱ្យពាក្យថាពេញនិយម ឬទាន់សម័យ មានគម្លាតពីភាពត្រឹមត្រូវ ហើយអាចបង្កជាបញ្ហាក្នុងសង្គមទៀតផង។
លោកបានបន្ថែមថា អ្វីដែលកំណត់ភាពដោយឡែករបស់ជាតិសាសន៍នីមួយៗ នោះគឺអត្តសញ្ញាណ។ ភាពខុសគ្នាទាំងនោះ បានកំណត់ឱ្យទស្សនគតិ និងការកំណត់ថាអ្វីដែលជាភាពត្រឹមត្រូវរបស់មនុស្សក្នុងសង្គម ពុំដូចគ្នាទាំងស្រុងនោះទេ។ ដូច្នេះ ក្នុងនាមយុវជនដែលជាចលករនាំទៅរកការផ្លាស់ប្ដូរបែបផែនក្នុងសង្គម គួរចេះថ្លឹងថ្លែងឱ្យមានវិសមភាព ថាអ្វីដែលគួរអភិរក្ស និងអ្វីដែលគួរផ្លាស់ប្ដូរដើម្បីឈានទៅរកភាពល្អប្រសើរ៕