អាមេរិកអាចមានប្រៀបលើចិន ខណៈដែលប្រទេសនេះទទួលបានសិទ្ធិ កាន់កាប់ទីតាំងមូលដ្ឋានយោធានៅប្រទេសហ្វីលីពីនក្បែរកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង


កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រទេសហ្វីលីពីនបានកំណត់ទីតាំងនៃមូលដ្ឋានយោធាថ្មីចំនួនបួនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកនឹងអាចចូលទៅកាន់កាប់បាន ដែលជាផ្នែកនៃកិច្ចព្រមព្រៀងការពារជាតិ ខណៈដែលអ្នកវិភាគមួយចំនួនយល់ឃើញថា សកម្មភាពនេះក៏ត្រូវបានធ្វើឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងប្រទេសចិន។

មូលដ្ឋានទ័ពទាំងបួននោះ រួមមានបីនៅលើកោះធំ Luzon ជិតកោះតៃវ៉ាន់ និងមួយនៅខេត្ត Palawan ក្នុងសមុទ្រចិនខាងត្បូង (SCS)។ ក្នុងន័យនេះ សហរដ្ឋអាមេរិកនឹងអាចបង្វិលទ័ពទៅកាន់មូលដ្ឋានសរុបចំនួនប្រាំបួននៅទូទាំងប្រទេសហ្វីលីពីន រួមទាំងនៅលើកោះ Balabac ដែលជាយុទ្ធសាស្ត្រសំខាន់នៅជិតមូលដ្ឋានរបស់ចិននៅសមុទ្រចិនខាងត្បូង។

ទីតាំងថ្មីទាំងនេះនឹងពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ហើយអនុញ្ញាតឱ្យភាគីទាំងពីរពង្រឹងទំនាក់ទំនងយ៉ាងរលូនជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នាជាច្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការប្រកាសទីតាំងនេះធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងយោធាអាមេរិកកម្រិតខ្ពស់នៅទូទាំងតំបន់ រួមទាំងផែនការចែករំលែកបច្ចេកវិទ្យាការពារជាមួយឥណ្ឌា និងដាក់ពង្រាយកងម៉ារីនអាមេរិកថ្មីទៅកាន់កោះជប៉ុន។

កាលពីដើមឆ្នាំនេះ កងម៉ារីនអាមេរិកក៏បានបើកមូលដ្ឋានថ្មីនៅលើកោះ Guam ដែលជាកោះយុទ្ធសាស្ត្រសំខាន់របស់អាមេរិកនៅភាគខាងកើតហ្វីលីពីន។ ទីតាំងដែលត្រូវបានគេស្គាល់ថា Camp Blaz គឺជាមូលដ្ឋានទ័ពម៉ារីនថ្មីដំបូងគេក្នុងរយៈពេល ៧០ឆ្នាំ ហើយនៅទីបំផុតអាចធ្វើជាម្ចាស់ផ្ទះទាហានម៉ារីនចំនួន ៥,០០០ នាក់។

មូលដ្ឋានទ័ពជើងទឹក Camilo Osias នៅភាគខាងជើង Luzon ស្ថិតនៅចម្ងាយតែ ៥០០ គីឡូម៉ែត្រ (៣១០ ម៉ាយ) ពី Kaohsiung ដែលជាទីក្រុងធំទីបីរបស់តៃវ៉ាន់ដែលមានប្រជាជនចំនួន ២.៧ លាននាក់។ អ្នកវិភាគបានលើកឡើងថា Balabac ឈរលើខ្សែបន្ទាត់ទំនាក់ទំនងសំខាន់ៗនៅក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំងប្រឈមមុខគ្នា រួមទាំងនៅលើកោះដែលទីក្រុងប៉េកាំងបានសាងសង់បន្ទាយយោធាផងដែរ។

ទាំងមន្ត្រីអាមេរិក និងហ្វីលីពីនបានសង្កត់ធ្ងន់ថា មូលដ្ឋានទ័ពថ្មីទាំងបួននឹងមិនមានវត្តមានយោធាអាមេរិកជាអចិន្ត្រៃយ៍ និងមិនត្រូវបានអនុញ្ញាតនៅក្រោម EDCA នោះទេ ប៉ុន្តែនឹងមានសម្រាប់កងកម្លាំងអាមេរិកក្នុងស្ថានភាពចាំបាច់។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងម៉ានីលត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញាការពារទៅវិញទៅមកដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៥១ ដែលនៅតែជាធរមាន ដែលធ្វើឱ្យវាក្លាយជាសម្ព័ន្ធសន្ធិសញ្ញាទ្វេភាគីចាស់ជាងគេនៅក្នុងតំបន់សម្រាប់សហរដ្ឋអាមេរិក៕

ប្រភព៖ CNN