|

អបអរសាទរដល់ក្រុមនិស្សិត និងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានទទួលជ័យលាភីលេខ១ ក្នុងការបង្កើតឧបករណ៍វាស់ទឹកភ្លៀង នៅក្នុងការប្រកួតនៅប្រទេសឡាវ


ការរប្រកួតវគ្គផ្ដាច់ព្រ័ត្រ MRC River Monitoring Technology Competition ត្រូវបានធ្វើឡើងនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសីទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

MRC River Monitoring Technology Competition មានការចូលរួមពីសាកលវិទ្យាល័យផ្សេងៗ មកពីប្រទេសទាំង៤ ក្នុងអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម ដោយមានការចូលរួមប្រកួតចំនួន១៤ក្រុម។ សម្រាប់ការប្រកួតនេះក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា “Spinning Bucket Rain Gauge” ដែលគំនិត និងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។ ទិន្នន័យដែលទទួលបានពីការវាស់ទឹកភ្លៀងដោយស្វ័យប្រវត្តិនេះត្រូវបញ្ជូនទៅកាន់ឧបករណ៍ទទួលពីចម្ងាយ។

បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យពីគណៈកម្មការជំនាញ និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសពីររួចមក ឧបករណ៍វាស់ទឹកភ្លៀងរបស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតនេះ និងទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់ចំនួន ៥ ០០០ដុល្លារ។

គួរបញ្ជាក់ថា MRC ដែលជាអង្គការអន្តររដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ បន្ទាប់ពីកិច្ចព្រមព្រៀងមេគង្គក្នុងចំណោមប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បម្រើជាវេទិកាថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការដែលទាក់ទងនឹងទន្លេមេគង្គ និងការចែករំលែកចំណេះដឹង៕

ប្រភព៖ MoEYS Cambodia, VNA