មនុស្ស១១នាក់ បានស្លាប់ដោយសារការរត់ជាន់គ្នាដើម្បីដណ្ដើមអាហារដែលចែកជូនដោយឥតគិតថ្លៃ ខណៈដែលអតិផរណាក្នុងប្រទេសកើនឡើងយ៉ាងធ្ងន់ធ្ងរ


ប្រជាជនក្នុងប្រទេសប៉ាគីស្ថានបានភ័យស្លន់ស្លោរ ខណៈដែលអតិផរណានៅក្នុងប្រទេសបានកើនឡើងដល់ចំណុចខ្ពស់រហូតដល់ ៤៧%។ តម្លៃស្បៀងអាហារបានកើនឡើងខ្ពស់ក្នុងរយៈពេល ១១ ខែជាប់ៗគ្នា វិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏អូសបន្លាយក្នុងប្រទេសប៉ាគីស្ថាន បានបណ្តាលឱ្យមានការខ្វះខាតទំនិញជាមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។

តម្លៃនៃម្សៅស្រូវសាលីសំខាន់ត្រូវបានគេរាយការណ៍ថាបានកើនឡើង ១២០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញឱ្យអតិផរណាប្រចាំសប្តាហ៍កើនឡើង ១.៨% ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ដោយគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ រូបិយប័ណ្ណជាតិបានធ្លាក់ចុះ ៥៤% ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។ អត្រាអតិផរណាក៏ខ្ពស់ជាងប្រទេសជិតខាងបង់ក្លាដែស (៨.៦%) ឥណ្ឌា (៦.៥%) និងអាហ្វហ្គានីស្ថាន (៥.២%) នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP)។

ដោយឡែក ការប៉ាន់ស្មាន ៨០% នៃដំណាំរបស់ប៉ាគីស្ថានត្រូវបានខូចខាតនៅក្នុងទឹកជំនន់កាលពីឆ្នាំមុន ដែលបានលិចទឹកមួយភាគបីនៃប្រទេស។ ខណៈពេលដែល ទុនបម្រុងរូបិយប័ណ្ណបរទេសនៅក្នុងធនាគាររដ្ឋនៃប្រទេសប៉ាគីស្ថានបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងខែមីនាគឺ ៤.៦ ពាន់លានដុល្លារអាមេរិក ដែលគ្រប់គ្រាន់សម្រាប់តែចំណាយលើការនាំចូលរយៈពេលមួយខែប៉ុណ្ណោះ។

កត្តាការឡើងថ្លៃប្រេងឥន្ធនៈ ការកើនឡើងថ្លៃថាមពល និងការធ្លាក់ថ្លៃប្រាក់រូពីប៉ាគីស្ថាន បានធ្វើឱ្យប្រជាជនក្រីក្រមិនអាចទ្រាំទ្របាន និងបានសម្រុកមកតម្រង់ជួរដើម្បីទទួលយកស្បៀងអាហារដែលរាជរដ្ឋាភិបាលបានរៀបចំ ចែកជូននៅតំបន់ដែលកំពុងរងផលប៉ះពាល់ខ្លាំង។ ដោយសារតែការខ្វះខាត និងស្រេកឃ្លាន បាននាំឱ្យរត់ដណ្ដើមគ្នាបង្កជាគ្រោះថ្នាក់ជាន់គ្នា ដែលធ្វើឱ្យមនុស្សចំនួន១១នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស។

ការរត់ជាន់គ្នានេះ បានបង្ហាញបីភាពអស់សង្ឃឹមរបស់ប្រជាពលរដ្ឋ ក្នុងការប្រឈមនឹងការកើនឡើងនៃការចំណាយ ដែលកាន់តែធ្ងន់ធ្ងរឡើង។ ក្នុងឧបទ្ទវហេតុនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Shehbaz Sharif ត្រូវបានចោទប្រកាន់ពីបទលួចសេដ្ឋកិច្ចរបស់ប្រទេស ហើយបរាជ័យក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ន ដោយមិនបានរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន៕

ប្រភព៖ People Dispatch