|

មោទកភាពនៃខេត្តព្រះសីហនុ! ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត បាននិងកំពុងរៀបចំយ៉ាងសម្រិតសម្រាំង ដើម្បីធ្វើជាទីលានម្រាប់កីឡាបាល់ទះស៊ីហ្គេមឆ្នាំ២០២៣


រុមការងារបច្ចេកទេស ក្រោមការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការឈូសឆាយដី កាយប្រមូលសម្រាមមានដូចជាស្មៅ កម្ទេចឈើចេញពីលើទីឆ្នេរពយជំទាវម៉ៅ ដើម្បីឱ្យរៀបស្មើ ធ្វើយ៉ាងណាកុំឱ្យមានស្មៅ និងកម្ទិចឈើនៅលើឆ្នេរនេះ ដែលត្រូវបានជ្រើសរើសធ្វើជាទីលានប្រកួតកីឡាទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងពេលឆាប់ៗខាងមុខនេះ។

ការម្អាតទីលានបាល់ទះនេះ នឹងមានការជីកកាយដី ០.៤០ម៉ែត្រ ចេញយកមកទុកដោយឡែក ក្នុងគោលបំណងរក្សាដីឱ្យវាស្ងួត រួចចាប់ផ្តើមរែងដីយកស្មៅ និងកម្ទេចឈើចេញ រួចដាក់ចូលវិញជាសន្ទាប់ៗ ០.១០ម៉ែត្រម្តង និងចាក់បន្ថែមរហូតនៅសល់ ០.១០ម៉ែត្រមុខលើ។ បន្ទាប់មកខ្សាច់សរ នឹងត្រូវយកមកដាក់មុខខាងលើ បន្ទាប់ពីការងារចាក់ខ្សាច់បំពេញរួចរាល់ ត្រូវយកសំណាញ់រែងវាបន្តទៀត ដើម្បីឱ្យប្រាកដថា មិនមានកំទេចស្មៅ ឬឈើនៅក្នុងទីលានការប្រកួត។

ដោយឡែក ទីតាំងនេះ គ្រោងនឹងធ្វើ៣តារាងប្រកួត ក្នុងតារាងប្រកួតនីមួយៗមានទំហំ ២១x២៨ម៉ែត្រ នៅសល់ចន្លោះ នឹងទុកជាស្បេស ៣ម៉ែត្រ សម្រាប់កីឡាករលោតវៃបាល់បានងាយស្រួល ដោយឡែកតារាងបាល់ដែលត្រូវប្រកួតជាក់ស្តែងមានទំហំ ៨x១៦ម៉ែត្រ។ ទីតាំងនេះ នឹងនៅតែបន្តការពាររហូតដល់ថ្ងៃប្រកួត មុនពេលប្រកួតនឹងមានការរៀបចំធ្វើការសម្អាតម្តងទៀត ដើម្បីឱ្យកម្រាស់ខ្សាច់ដែលត្រូវក្រាលរួចមានភាពទាក់ទាញ។ ជាមួយគ្នានេះ គេត្រូវប្រើរនាស់វែង ដើម្បីធ្វើការជ្រោយសម្អាតដី ថ្លឹងវាឱ្យរាបស្មើរសម្រាប់បំរើឱ្យការប្រកួតនៅពេលខាងមុខ។

សូមជម្រាបថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសនៃការប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា ៣ប្រភេទ ក្នុងនោះមានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។ យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ក្រោយពីការប្រកួតកីឡាស៊ីហ្គេមចប់ យើងនឹងយកទីតាំងនេះសម្រាប់ឱ្យយុវជននាំគ្នាលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងជម្រុញវិស័យកីឡានៅខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ