| |

កម្ពុជានឹងទម្លាក់ទុនប្រមាណ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ


នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្តេច អញ្ជើញបិទសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

ថ្មីៗនេះ តាមេយៈកិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ។ ជាមួយគ្នានេះ កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ៣លានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតាក្នុងមួយឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់សម្ដេច។

ក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានមានប្រសាសន៍ជំរុញឱ្យមានការស្រាវជ្រាវពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយនឹងការទម្លាក់ទុនប្រមាណ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ សម្ដេចក៏ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះCP ដែលចាត់ទុក «កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ» ។

គួរបញ្ជាក់ផងថា វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗដទៃទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ស្របទៅនឹងលក្ខខណ្ឌនេះ រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ក្នុងការពង្រឹងកសិកម្មកម្ពុជាកាន់តែខ្លាំង ខណៈវិស័យនេះកាន់តែបង្ហាញពីសក្ដានុពលកើនឡើងជាលំដាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕