ម៉ិកស៊ិកកូ ជាប្រទេសដំបូងគេក្នុងទ្វីបអាមេរិកឡាទីន ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩
គិលានុបដ្ឋាកជនជាតិមុិកស៊ិកកូម្នាក់ បានក្លាយជាមនុស្សដំបូងគេនៅក្នុងទ្វីបអាមេរិកឡាទីន ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈប្រទេសនេះបានចាប់ផ្ដើមដំណើរការកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ប្រទេសម៉ិកស៊ិកកូបានទទួលវ៉ាក់សាំងចំនួន៣ពាន់ដូសនៅដំណាក់កាលដំបូង ក្នុងចំណោមវ៉ាក់សាំងទាំង៣៤លានដូស ដែលបញ្ជាទិញពីក្រុមហ៊ុនផលិតឱសថរបស់អាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech។
ប្រទេសម៉ិកស៊ិកកូ ជាប្រទេសមួយដែលមានករណីស្លាប់ខ្ពស់បំផុតនៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា។ ក្រៅពីម៊ិកស៊ិកកូ ក៏មានប្រទេសផ្សេងទៀតដូចជា ឈីលី និង កូស្ដា រីកា ក៏បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដូចគ្នា ។
ចំណែកឯប្រទេសអាហ្សង់ទីនវិញ ក៏គ្រោងនឹងចាប់ផ្ដើមនៅប៉ុន្មានថ្ងៃបន្ទាប់ផងដែរ ប៉ុន្តែជ្រើសរើសយកវ៉ាក់សាំងដែលអភិវឌ្ឍដោយប្រទេសរុស្ស៊ី Sputnik V សម្រាប់ជំហានដំបូង ដោយមានវ៉ាក់សាំងចំនួន៣០ម៉ឺនដូសបានមកដល់រដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីន នៅព្រឹកថ្ងៃព្រហស្បតិ៍ ។
រដ្ឋាភិបាលរបស់ប្រទេសមុិកស៊ិកកូបានលើកឡើងថា៖ « ក្នុងដំណាក់កាលដំបូង យើងគ្រោងនឹងចាក់វ៉ាក់សាំងឱ្យបុគ្គលិកសុខាភិបាលទាំងអស់នៅបំណាច់ពាក់កណ្ដាលឆ្នាំ២០២១។»
គិតមកត្រឹមពេលនេះ ម៉ិកស៊ិកកូមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១,៣លាននាក់, ក្នុងចំណោមនោះ មានយ៉ាងហោចណាស់១២១,០០០នាក់បានស្លាប់។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ មានប្រទេសជាង១០ហើយ បានចាប់ផ្ដើមដំណើរការកម្មវិធីចាក់វ៉ាក់សាំង។ ប្រទេសទាំងនោះរួមមាន អង់គ្លេស (ប្រទេសដំបូងគេបំផុតក្នុងពិភពលោក) អារ៉ាប់រួម សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល កាតា ម៉ិកស៊ិកកូ សេប៊ី គុយវ៉ែត ឈីលី រុស្ស៊ី កូស្តា រីកា និងប្រទេសសិង្ហបុរី (ប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីដែលទទួលបានវ៉ាក់សាំង)៕
ប្រភព៖ BCC
បកប្រែ និងនិពន្ធដោយ យុវជនស្ម័គ្រចិត្តប្រេនបូឌា Ngay Nai
កែសម្រួលដោយយុវជនប្រេនបូឌា នឿន ស្រីណុច