|

ព្រះមហាក្សត្រយាងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា ស្របពេលព្រឹត្តិការណ៍ដ៏អស្ចារ្យព្រះអាទិត្យរះចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត


ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីប្រវត្តិសាស្ត្រប្រោសប្រទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញអមដំណើរដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ ព្រមទាំងអាជ្ញាធរខេត្តសៀមរាបជាច្រើនរូប។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជពិធីដ៏ឱឡារិកនេះ គឺជាការបង្ហាញនូវព្រះរាជហឫទ័យយកព្រះទ័យទុកដាក់បំផុតចំពោះវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកទឹកចិត្តដល់អត្តពលិក កីឡាករ កីឡាការនីកម្ពុជា ក៏ដូចជាកីឡាករ កីឡាការនីមកពីបណ្ដាប្រទេសអាស៊ានទាំងអស់ ឱ្យខិតខំប្រឹងប្រែងក្នុងការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ។

ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងស្របពេលជាមួយ ព្រឹត្តិការណ៍ដ៏អស្ចារ្យព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។ សមរាត្រី នាឱកាសនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីចំណេះដឹងផ្នែកតារាសាស្ត្រ និងទេពកោសល្យដ៏អច្ឆរិយៈរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែហាក់បីដូចបង្ហាញពីភាពអស្ចារ្យមួយ ដែលឆ្លុះបញ្ចាំងពីភាពរុងរឿងនៃអាណាចក្រខ្មែរ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ដោយប្រោះព្រំឱ្យពរ បង្កលទ្ធភាពឱ្យយើងបោះជំហានទៅរកវឌ្ឍនភាព និងភាពជោគជ័យសម្រាប់ប្រទេស និងសហគមន៍អាស៊ីអាគ្នេយ៍ទាំងមូល។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ដែលគិតចាប់ពីថ្ងៃទី២១ ខែមីនានេះ គឺនៅសល់តែរយៈពេល៤៥ថ្ងៃទៀតប៉ុណ្ណោះ និងនៅសល់៧៤ថ្ងៃទៀត មុនព្រឹត្តិការណ៍ ASEAN Para Games លើកទី១២ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក «កីឡា៖ រស់នៅក្នុងសន្តិភាព»៕