សម្ដេច ហ៊ុន សែន ដាស់តឿនដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់ឱ្យពិនិត្យឱ្យច្បាស់លើលិខិតឯកសារ មុនចុះហត្ថលេខា ទាំងអក្ខរាវិរុទ្ធ និងការដាក់ ថ្ងៃ ខែ ច្បាស់លាស់
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដាស់តឿនដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់ សូមអោយពិនិត្យឱ្យច្បាស់លើលិខិតឯកសារផ្សេងៗ មុនចុះហត្ថលេខា ទាំងអក្ខរាវិរុទ្ធ និងការដាក់ ថ្ងៃ ខែ ច្បាស់លាស់។
សម្ដេច បានគូសបញ្ជាក់ថា កន្លងមកមានក្រសួងមួយចំនួនមិនសូវបានយកចិត្តទុកដាក់ទៅលើឯកសារដែលផ្ញើមកកាន់សម្ដេច រួចក៏ចុះហត្ថលេខា ទាំងមិនបានដាក់ ថ្ងៃ ខែ ផង។ ជាមួយគ្នានេះ សម្តេចតេជោបានមានប្រសាសន៍ថា មានក្រសួងចំនួន៤ ដែលធ្វើលិខិតនានាផ្ញើជូនសម្តេចមិនសូវមានកំហុស រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សូមជម្រាបផងដែរថា ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយនាឱកាសនេះ មាននិស្សិតសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ ដោយក្នុងនោះមាននិស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់ បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា ២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី រួមទាំងនិស្សិត ជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister