|

ភាពអស្ចារ្យដែលមិនគួររំលង! ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានជាថ្មីនាប៉ុន្មានថ្ងៃខាងមុខនេះ


យោងតាមការជូនដំណឹងពីសំណាក់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី ឬរយៈពេលដែលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ។

តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញពីចំណេះដឹងនៃតារាសាស្ត្រ និងបច្ចេកទេសក្នុងការសាងសង់ប្រាសាទនៃអាណាចក្រខ្មែរ។ ជាមួយគ្នានេះ វាជាការរួមបញ្ចូល គ្នាដ៏គួរឲ្យភ្ញាក់ផ្អើលនៃទេពកោសល្យ ចិត្តវិញ្ញាណរបស់បុព្វបុរសខ្មែរជំនាន់នោះ និងភាពស៊ីមេទ្រី ដែលជាការលះបង់ និងបន្សល់ទុកនូវស្នាដៃដ៏ល្អឯករបស់មនុស្សជាតិ។ ថ្មីៗនេះ សារព័ត៌មានអង់គ្លេស មួយ បានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្ត ជាកន្លែងដ៏ស្រស់ស្អាតលេខមួយក្នុងពិភពលោក ដើម្បីមើលព្រះអាទិត្យរះ ដោយសារតែបាតុភូតសមរាត្រីនេះ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តជាទូទៅអាចកើតមានពីរដងក្នុងមួយឆ្នាំ។ សម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាននៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត៕