|

នាពេលខាងមុខ អង្ករ «ផ្ការំដួល» ដែលនាំចេញទៅកាន់ទីផ្សារប្រទេសបារាំង នឹងមានការចុះបញ្ជីម៉ាកសម្គាល់ផលិតផលខ្មែរពិត ដែលអាចឱ្យអតិថិជនទុកចិត្តនិងចំណាំ


នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅសាធារណរដ្ឋបារាំង។

ក្នុងដំណើរមាតុភូមិនិវត្តន៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលស្វាគមន៍ពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងចំពោះដំណើរត្រលប់មកវិញរបស់ឯកឧត្តម ប្រកបដោយសុវត្ថិភាព និងជោគជ័យ។

តាមរយៈបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វែងយល់ពីកសិផលដែលប្រទេសបារាំងត្រូវការ និងឱកាសដែលកម្ពុជាអាចឈានចូលទៅទីផ្សារប្រទេសបារាំងបាន ក្នុងនោះ កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដារ ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។

ចំពោះទីផ្សារអង្ករ «ផ្ការំដួល» ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ ឯកឧត្តមសង្កត់ធ្ងន់ពីការចុះបញ្ជីម៉ាកសម្គាល់ផលិតផលខ្មែរពិត ដែលអាចឱ្យអតិថិជនទុកចិត្តនិងចំណាំ តាមការស្នើសុំរបស់ សមាគមខ្មែរនៅប្រទេសបារាំង។ បន្ថែមពីនេះ ឯកឧត្តម ណែនាំឱ្យមានការបង្កើតចេញនូវ QR Code ដែលអាចកំណត់នូវប្រភពនិងខ្សែច្រវាក់តម្លៃសំដៅផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្ម ទាំងក្នុងនិងក្រៅប្រទេស។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនៅពិព័រណ៍កសិកម្មអន្តរជាតិនៅប្រទេសបារាំង ពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា គឺជាឱកាសមួយសម្រាប់ប្រទេសកម្ពុជា ឈានទៅបើកផ្លូវសម្រាប់វិស័យឯកជន ខ្មែរ នាំកសិផលខ្មែរដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស ព្រមទាំងជាឱកាសសម្រាប់វិនិយោគិនបរទេស មកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ