ជនជាតិថៃខឹងសម្បារ បន្ទាប់ពីឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បង្ហោះរូបថតបង្អែមថាជារបស់ខ្មែរ ខណៈដែលពួកគេគិតថាជារបស់ថៃ
ជនជាតិថៃ បានសម្ដែងការមិនពេញចិត្តនឹងឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams ដែលបានបង្ហោះរូបថតមួយសន្លឹកនៅលើ Facebook កាលពីដើមសប្តាហ៍នេះ ជាមួយនឹងចំណងជើងថា “បង្អែមខ្មែរ”។ ប្រជាជនថៃជឿជាក់ថាបង្អែមដែលនៅក្នុងរូបនេះជាបង្អែមរបស់ថៃ។
ជុំវិញបញ្ហានេះ អ្នកនិយមលេងអ៊ីនធឺណិតថៃបានបង្ហាញការខឹងសម្បារ និងបញ្ចេញមតិឱ្យលោក Williams ធ្វើការស្រាវជ្រាវឱ្យបានច្បាស់ ព្រោះអ្នកការទូត គួរតែយល់ពីសារៈសំខាន់នៃទំនាក់ទំនង។ ពួកគេបានលើកហេតុផលថា ដើមកំណើតនៃបង្អែមនេះគឺជារបស់ថៃ ដោយស្ត្រី ម្នាក់ឈ្មោះ Marie Guimar ដែលជាជនជាតិជប៉ុន ព័រទុយហ្គាល់ និងជនជាតិបង់ក្លាដែស បានបង្កើតបង្អែមទាំងនេះដំបូងគេក្នុងប្រទេសថៃ ក្នុងសម័យអយុធ្យា។
ឆ្លើយតបនឹងប្រតិកម្មតបវិញ ឯកអគ្គរាជទូតអង់គ្លេសបានបង្ហោះសារមួយទៀតនៅលើទំព័រ Facebook របស់លោកថា រូបថតនេះជានិមិត្តរូបនៃក្តីស្រឡាញ់របស់លោកចំពោះកម្ពុជា ប៉ុន្តែប្រជាជនថៃក៏អស្ចារ្យដែរ ហើយបានអំពាវនាវឱ្យគ្រប់គ្នាស្ងប់ស្ងាត់ និងគោរពគ្នាទៅវិញទៅមក។
យ៉ាងណាមិញ ទំព័រហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតត្រូវបានគេបិទជាបណ្ដោះអាសន្ន បន្ទាប់ពីមានហេតុការណ៍នេះ។ ដោយឡែកព័ត៌មាននេះ ក៏កើតឡើងស្របពេលកម្ពុជា និងថៃ កំពុងមានភាពចម្រូងចម្រាស់ជុំវិញបញ្ហា «គុនខ្មែរ» និង «មួយថៃ» ជាហេតុធ្វើឱ្យប្រជាជនថៃកាន់តែមិនពេញចិត្ត៕
ប្រភព៖ The Thaiger