|

ឧបករណ៍តម្បាញខ្មែរ បានដាក់បង្ហាញក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី


សារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី បាននាំយកកីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ តាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ។

នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថាសមិទ្ធិផលដែលដាក់តាំងបង្ហាញនេះ ទទួលបានពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងអង្គការយូណេស្កូប្រចាំកម្ពុជា តាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ មានហូល និងផាមួងនេះ ថ្វីត្បិតតែធ្វើឡើងថ្មី ក៏ប៉ុន្តែវាត្រឹមត្រូវតាមក្បួនខ្នាតដោយមានឆ្លាក់ក្បាច់លម្អយ៉ាងប្រណិតផង។ លោក គឹមស៊ុន បន្តថា វត្តមានកីតម្បាញខ្មែរនៅសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សឧបករណ៍កីតម្បាញបុរាណខ្មែរជាមួយសិប្បកម្មតម្បាញនៅទូទាំងប្រទេសមិនឱ្យបាត់បង់ ព្រោះវិស័យតម្បាញមានភស្តុតាង មនុស្សសម័យបុរេប្រវត្តិដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ មានចំណេះដឹងក្នុងការត្បាញសម្រាប់ប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរួចទៅហើយ។

លោក គឹមស៊ុន បញ្ជាក់ទៀតថា កីតម្បាញតាមបែបបុរាណខ្មែរនេះ អាចផ្តល់ជាប្រយោជន៍ចំពោះសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យការសិក្សាស្វែងយល់ពីកេរដំណែលស្នាដៃបុព្វបុរសខ្មែរ ដែលមានជាយូរលង់មកហើយ។ ការតាំងបង្ហាញកីតម្បាញនោះទៀតសោត ក៏មិនមែនត្រឹមតែឱ្យភ្ញៀវចូលទៅទស្សនាឧបករណ៍តែប៉ុណ្ណោះទេ គឺ អ្នកជំនាញរបស់សារមន្ទីរ នឹងពន្យល់ទៅតាមដំណាក់កាលនីមួយៗ នៃដំណើរការត្បាញហូល ដើម្បីបង្ហាញជូនភ្ញៀវទស្សនាផង និងអាចឱ្យភ្ញៀវសាកល្បងត្បាញផងក៏បាន ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបត្បាញតាមបែបបុរាណខ្មែរ។

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីមានលក្ខណពិសេសជាងសារមន្ទីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា គឺការដាក់តាំងបង្ហាញកីតម្បាញមកពីប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌា ប្រទេសឡាវ ប្រទេសភូមា ហើយឧបករណ៍ទាំងនោះមានលក្ខណៈពិសេសរៀងៗខ្លួន ដោយបច្ចេកទេសធ្វើឡើងទៅតាមលក្ខខណ្ឌបរិបទនៃបរិស្ថានផ្សេងៗគ្នា។
ពេលអនាគត សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ក៏មានបំណងនាំយកឧបករណ៍តម្បាញមួយចំនួនមកពីតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាមកតាំងបង្ហាញដល់សាធារណជនដែរ។

ប្រភព: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ