ឯកឧត្តម នួន ផារ័ត្ន «សូមប្អូនៗនិស្សិតអាហារូបករណ៍ធ្វើខ្លួនជាទូតសុឆន្ទៈរបស់កម្ពុជា និងខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញ ដើម្បីយកមកចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ!»
កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យឯកឧត្តមអភិបាល បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ឆ្នាំ២០២៣ ចំនួន ១៣ រូប ដែលនឹងត្រូវចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្រ្តាលី នាពេលខាងមុខនេះ ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនប្អូនៗនិស្សិតអាហារូបករណ៍ឱ្យធ្វើខ្លួនជាទូតសុឆន្ទៈរបស់កម្ពុជា ដោយខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញ ដើម្បីយកមកចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ»។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងអំពីការងារអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ រាប់ចាប់ពីការកសាងផែនការមេ រួមមាន៖ ប្លង់គោលប្រើប្រាស់ដីធ្លី ២០១៥-២០៣៥, ផែនការមេស្តីពីការលើកកម្ពស់ប្រព័ន្ធប្រឡាយ-លូ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០១៦, ផែនការមេស្តីពីការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន ឆ្នាំ២០១៤ និងផែនទីយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥ ក៏ដូចជាការងារចម្បងៗរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាពុទ្ធិបន្ថែមទៀតដល់ការសិក្សាស្វែងយល់របស់ប្អូនៗនិស្សិត ។
ប្រភព: Nuon Pharath- នួន ផារ័ត្ន