២០២៣ សករាជនៃក្ដីសង្ឃឹម!


ស្ថិតក្នុងស្ថានភាពដែលទើបនឹងងើបពីវិបត្តិសកលដ៏ធ្ងន់ធ្ងរ ប្រទេសមួយចំនួនត្រូវការពេលវេលាច្រើនដើម្បីរក្សាជំហរឱ្យរឹងមាំឡើងវិញ។ ដោយឡែកកម្ពុជា មិនត្រឹមតែបានរំដោះខ្លួនយ៉ាងឆាប់រហ័សពីបញ្ហាប្រឈមប៉ុណ្ណោះទេ តែកម្ពុជាអាចកសាងប្រទេសឱ្យរីកលូតលាស់ ស្របពេលកាលៈទេសៈដ៏លំបាកនេះ។

ដោយភាពជោគជ័យនៃសកម្មភាពការទូតដ៏រស់រវើកនារយៈកាលឆ្នាំ២០២២ក្នុងនាមជាប្រធានអាស៊ាន បានបង្កលទ្ធភាពឱ្យយើងបើកទំព័រសករាជថ្មីនៃឆ្នាំ២០២៣ ប្រកបដោយក្ដីសង្ឃឹម និងសម្រេចបានជោគជ័យជាបន្តបន្ទាប់លើវិស័យអាទិភាពនានា។ ការណ៍នេះ ជាជ្រុងដ៏សំខាន់ដែលធ្វើឱ្យកម្ពុជាអាចពង្រីកដៃទៅដល់ប្រទេសក្នុង និងក្រៅតំបន់ ព្រមទាំងពង្រឹងកិច្ចសហការល្អ នាំមកនូវសញ្ញាវិជ្ជមានដល់សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ការងើបឡើងវិញនៃវិស័យទេសចរណ៍ បានបង្ហាញយ៉ាងច្បាស់តាមរយៈលំហូរចូលនៃអ្នកទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ ដោយចរាចរណ៍ផ្លូវទឹក ផ្លូវគោក និងផ្លូវអកាស មានភាពសកម្មឡើងវិញ គួរកត់សម្គាល់ដោយគ្រាន់តែនៅអំឡុងខែមករា កម្ពុជាទទួលបានទេសចរជាង៦០ម៉ឺននាក់ទូទាំងប្រទេស។ ជាមួយគ្នានេះ វិស័យកសិកម្ម យើងបាននាំចេញស្រូវ អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ដោយគិតជាទឹកប្រាក់បានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលអង្ករផ្ការំដួលកម្ពុជាមានកេរ្តិ៍ឈ្មោះល្បី ជាប់ជាអង្ករដែលល្អបំផុតលំដាប់ពិភពលោក។ ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលបានសាងសង់ ពង្រីកផ្លូវថ្នល់ មន្ទីរពេទ្យ បំពាក់ឧបករណ៍ទំនើបៗ ដែលសុទ្ធសឹងជាសមិទ្ធផលសំខាន់ៗនាដើមឆ្នាំនេះ។

ជុំវិញវឌ្ឍនភាពរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាល បានគ្រប់គ្រងបានយ៉ាងល្អ ដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាជន ហើយឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញពេញលេញលើគ្រប់វិស័យ បានធ្វើឱ្យវិនិយោគិនមួយចំនួនបានដៅកម្ពុជាជាគោលដៅក្នុងការបណ្ដាក់ទុន។ ជាក់ស្ដែង ថ្មីៗនេះទូតបួនប្រទេស បានគូសបញ្ជាក់ថា នឹងជំរុញអ្នកវិនិយោគទុនរបស់ខ្លួន ឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ដែលរួមមានអគ្គរាជទូតស៊ុយអែត ហ្វាំងឡង់ ដេនម៉ាក និងណវ៉េ។

គួរបញ្ជាក់ថា ក្នុងអំឡុងខែឧសភា និងមិថុនាខាងមុខនេះ យើងនឹងមានព្រឹត្តិការណ៍សំខាន់មួយទៀត គឺភាពជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាប៉ារ៉ាហ្គេម២០២៣។ តាមរយៈការសម្រេចបានទាំងនេះ នាំឱ្យយើងអាចរំពឹងអំពីផលវិជ្ជមានជាបន្តបន្ទាប់ទៀតនាឆ្នាំ២០២៣នេះ៕