«ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ»
កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនដល់ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកថាតាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាពេលនេះ ថាជាការបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០% ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ។ កម្ពុជា ក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។
សម្តេចតេជោបានបន្តទៀតថា កម្ពុជាសព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំង លើវិស័យសំណង់ ហើយឆ្លៀតពេលនោះដែរ សម្ដេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ នោះមានន័យថា ក្នុងករណីដែលការវិនិយោគអាល្លឺម៉ង់ ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយក៏ពិចារណា ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ដោយបានជម្រាបជូនប្រតិភូ អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ ។
លើសពីនោះទៀត សម្ដេចតេជោ ក៏បានស្វាគមន៍រាល់ការវិនិយោគទាំងឡាយរបស់អាល្លឺម៉ង់ មកកាន់កម្ពុជា ជាពិសេស ការ វិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹតកាបោន ៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister