|

ថវិកាចំនួន ១៥ ៥៥៥ដុល្លាត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបដើម្បីចូលរួមចំណែកក្នុងការព្យាបាលកុមារកម្ពុជា


នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត និង លោក Philip Set Kao ប្រធានសមាគមក្លឹបទេសចរណ៌ខេត្តសៀមរាបរួមនឹងសហការីបានយកថវិកា ចំនួន ១៥ ៥៥៥ដុល្លារ រួមមានសាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន៥ពាន់ដុល្លារ និង សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ចំនួន១០ ៥៥៥ដុល្លារ យកទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និង ជួបសំណេះសំណាលជាមួយបងប្អូនមកទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យ ព្រមទាំងបាននាំយកនូវអាហារ (បាយកញ្ចប់ )របស់ភោជនីយដ្ឋានម៉ែឌី ចំនួន១២០កញ្ចប់ ចែកជូនដល់កុមារដែលកំពុងសម្រាកព្យាបាល និង ក្រុមគ្រួសារដែលនៅកំដរនៅក្នុងមន្ទីរពេទ្យផងដែរ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ក៏បានធ្វើសេចក្តីរាយការណ៍ជូនដល់គណៈប្រតិភូបានជ្រាប អំពីសកម្មភាព និង លទ្ធផលរបស់មន្ទីរពេទ្យក្នុងរយៈពេល២០ឆ្នាំមកនេះ សកម្មភាពរបស់ក្រុមគ្រូពេទ្យកុមារអង្គរ បានពិនិត្យព្យាបាលជំងឺទូទៅដល់កុមារ ទាំងនៅក្នុងខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗ ដែលចូលមកសម្រាកព្យាបាលជំងឺ។ លោកបានបន្តទៀតថា ក្នុងមួយថ្ងៃ មន្ទីរពេទ្យបានទទួលអ្នកជំងឺមកពិគ្រោះ ពិនិត្យ និងព្យាបាល មានពី២០០នាក់ទៅ៤០០នាក់ក្នុងមួយថ្ងៃ មកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ និងសរុបប្រមាណ ១៣៥ ០០០នាក់ ដែលចំណាយថវិការប្រមាណជាង ៦.២លានដុល្លា ក្នុងមួយឆ្នាំ ក្នុងនោះថវិកាប្រហែល១៥% ទៅ២០% បានមកពីសប្បុរសជនក្នុងស្រុក និង សកម្មភាពសប្បុរសផ្សេងៗទៀត, ហើយ៨៥% ពីជំនួយក្រៅប្រទស។ ម្យ៉ាងទៀត ក្រុមគ្រូពេទ្យបានចុះទៅធ្វើការព្យាបាលកុមារនៅតាមមូលដ្ឋានដាច់ស្រយាលទៀតផង។

លោក Philip Set Kao បានបញ្ជាក់ថា ថវិកាដែលសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដែលជាថវិកាប្រមូលមកពីព្រឹត្តិការណ៍ រាត្រីសមោសរដែលចូលរួមដោយបវរកញ្ញាទាំង ២៦ប្រទេស ដែលបានប្រារព្ធធ្វើឡើង នៅសណ្ឋាគារ ម៉េម័រ ផាឡេស រីស្សត និងស្ប៉ា កាលពីពេលកន្លងថ្មីៗនេះក៏ដូចជាការរៀបចំដាក់ដេញថ្លៃកាបូបរបស់ក្រុមហ៊ុន បាលិលេយ្យ ដែលធ្វើឡើងដើម្បីកុមារ កម្ពុជាទទួលបានការព្យាបាលប្រកបដោយគុណភាពខ្ពស់។ផ

នាឱកាសនោះដែរ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ហើយលោកជំទាវបានបញ្ជាក់ថា ថវិកាខាងលើ គឺ ទទួលបានពីការរៀបចំដាក់ដេញថ្លៃកាបូបរបស់ក្រុមហ៊ុន បាលិលេយ្យ ក្នុងកម្មវិធី Miss Plant net ចំនួន ១០ ៥៥៥ដុល្លារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំនួន ៥ពាន់ដុល្លារ។ នេះជាលើកទី៦ហើយ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឧត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ ហើយទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក៏តែងតែជួយឧបត្ថម្ភជាបន្តបន្ទាប់ដែរ។

លោកជំទាវ បានបន្តថាកាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ តែងតែគិតគូរយកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជា តាមរយៈការផ្តល់ជូននូវថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរនេះ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។

លោកជំទាវបានថ្លែងអំណរគុណ និង កោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្រ្គោះព្យាបាល ផ្តល់នូវក្តីអាណិតស្រឡាញ់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារកម្ពុជា ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម មិនប្រកាន់វណ្ណៈ ពូជសាសន៍អ្វីឡើយ ។ ម៉្យាងទៀត មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលព្យាបាលជម្ងឺកុមារ យកចិត្តទុកដាក់បំផុតប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ហើយការព្យាបាល គឺឥតគិតថ្ងៃនេះតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ។ ដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជាខេត្ត និងសមាគមក្លឹបទេសចរណ៌ខេត្តសៀមរាប តែងតែនាំយកនូវថវិកាឧបត្ថម្ភជារឿយៗ ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា ដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប