|

របាំខ្លែងឯកនឹងបង្ហាញខ្លួនសារជាថ្មីនៅថ្ងៃស្អែកនេះ ក្នុងការប្រកួតមហោស្រពយុវជនទូទាំងប្រទេសនៅសាលចតុម្មុខ


ក្រុមយុវជនស្ម័គ្រចិត្តសិល្បៈប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងត្រៀមយករបាំខ្លែងឯកទៅចូលរួមក្រកួតនៅក្នុងកម្មវិធីមហោស្រពយុវជនទូទាំងប្រទេស អបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ស្អែកនេះ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

កន្លងមកសាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្លាប់បានលើកយកទស្សនីយភាពផ្សេងៗគ្នាទៅប្រកួតក្នុងកម្មវីធីប្រកួតនេះជាច្រើនលើកមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៦មក។ នៅក្នុងឆ្នាំទី1 នៃការប្រកួតនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានជ័យលាភីលេខ១ (ស្នាដៃឯកឆ្នើមទូទាំងប្រទេស) ដោយបានលើកយកទស្សនីយភាពរឿងល្ខោនអប់រំខ្លីក្រោមចំណងជើងថា “យុវនិស្សិត និងសិល្បៈ”។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាឆ្នាំទី៥ហើយ ដែលខាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តសិល្បៈទៅចូលរួមក្រកួត។ សម្រាប់ម្ចាស់ជ័យលាភីទាំងពីរប្រភេទក្នុងការប្រកួតលើកនេះ ពោលគឺ ជ័យលាភីប្រចាំសាកលវិទ្យាល័យ និងជ័យលាភីប្រចាំខេត្ត នឹងត្រូវបង្ហាញខ្លួនម្តងទៀត ដោយត្រូវសម្តែងផ្ទាល់ក្នុងពិធីបិទមហោស្រពយុវជនទូទាំងប្រទេស អបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ឆ្នាំ២០២០ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជាហ៊ុនសែនផងដែរ។

ជាចុងក្រោយយុវជនម្នាក់តំណាងឲ្យក្រុមយុវជនស្ម័គ្រចិត្តសិល្បៈប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានធ្វើការអំពាវនាវដល់មិត្តៗនិស្សិត និងបងប្អូនប្រជាជនខ្មែរទាំងអស់ មេត្តាចូលរួមលើកស្ទួយ និងជួយផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយទៅតាមលទ្ធភាព ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ៕

អត្ថបទ៖ នឿន ស្រីណុច

រូបភាព៖ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ