សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនាទានជាថ្មី អំពីការដាក់គោលដៅធ្វើយ៉ាងណាឱ្យពលរដ្ឋខ្លាចច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលិស ឬកងរាជអាវុធហត្ថដែលអនុវត្តច្បាប់
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនាទានជាថ្មីទៀត អំពីការដាក់គោលដៅធ្វើយ៉ាងណាឱ្យពលរដ្ឋខ្លាចច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលិស ឬកងរាជអាវុធហត្ថដែលអនុវត្តច្បាប់។ សម្ដេចបន្ថែមថា ពលលរដ្ឋខ្លាចច្បាប់ទើបធានាសុវត្ថិភាពចរាចណ៍បានច្រើន តែបើពលរដ្ឋខ្លាចតែអ្នកអនុវត្តនឹងធ្វើឱ្យការងារនេះឡើងចុះៗ ដ្បិតបើបន្តឹងខ្លាំងបញ្ហានឹងធូរស្រាល តែបើមានការបន្ថយការរឹតបន្តឹង ស្ថានភាពល្មើសចរាចរណ៍ក៏កម្រើកឡើងវិញ។
គ្រោះថ្នាក់ចរាចរណ៍ បានបន្សល់ទុកសោកនាដកម្មជាច្រើនដល់ប្រជាពលរដ្ឋ ដូចជាការរងរបួស ពិការភាព ការខាតបង់ទ្រព្យសម្បត្តិ ជាឧបស័គ្គរារាំងដល់ដំណើរការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដោយសារអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយល់យោគ អធ្យាស្រ័យ ហាក់ដូចជាមិនសូវស្រលាញ់ជីវិតខ្លួនឯង និងអ្នកដទៃ។
ជុំវិញបញ្ហានេះ សម្ដេច សម្ដេចក្រឡាហោម ស ខេង មន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក៏បានជំរុញឱ្យបង្កើនការលើកទឹកចិត្តឱ្យអ្នកបើកបរ និងវិស័យឯកជនខាងដឹកជញ្ជូនរួមចំណែកក្នុងការងារសុវត្ថិភាពចរាចរណ៍ឱ្យបានកាន់តែសកម្មជាងពេលបច្ចុប្បន្ន។
សម្ដេចមានប្រសាសន៍ថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងក្លាយជាយន្តការថ្មីមួយទៀត ដើម្បីបង្ខំឱ្យពលរដ្ឋខ្លាចច្បាប់ ដើម្បីធានាសុវត្ថិភាព ដូចជាយន្តការដកបណ្ណបើកបរក្នុងករណីស្រវឹង ឬមានសាធាតុញៀនជាដើម។ សម្ដចក៏លើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍អំពីករណីអនុវត្តច្បាប់មិនប្រក្រតីរបស់សមត្ថកិច្ច ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ។
ក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិពង្រឹងការត្រួតពិនិត្យឯកសារឆៀករថយន្ត ដោយអាចពិចារណាធ្វើប្រតិបត្តិការឆ្មក់តាមគោលដៅ ប៉ុន្តែមិនត្រូវឱ្យការងារនេះក្លាយជាកុងត្រួលជជុះជាដាច់ខាត។ សម្រាប់ទីតាំងកែច្នៃយានយន្តគ្មានអាជ្ញាបណ្ណ ក៏ត្រូវបិទជាបន្ទាន់ ហើយចាត់វិធានការទៅតាមផ្លូវច្បាប់ និងអនុញ្ញាតឱ្យដំណើរការឡើងវិញ ប្រសិនបើបានរៀបចំត្រឹមត្រូវតាមច្បាប់ និងក្បួនបច្ចេកទេស។ សម្ដេចក៏បានផ្ដល់អនុសាសន៍លើកទឹកចិត្តឱ្យក្រុមហ៊ុន ឬអាជីវករលក់ម៉ូតូ ថែមជូនមួកសុវត្ថិភាពដល់អ្នកទិញ ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមចំណែកបណ្ដុះវប្បធម៌គោរពច្បាប់ និងគិតពីសុវត្ថិភាព។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ការត្រួតពិនិត្យអ្នកជិះម៉ូតូសរុបមាន ១១៥ ៨០១គ្រឿង ក្នុងនោះមិនពាក់មួកសុវត្ថិភាពដោយឃាត់បង្ខំឱ្យរកមួកមកពាក់មុននឹងពិន័យមានចំនួន ៩៤ភាគរយ នៃចំនួនករណីល្មើសសរុប។ ដោយឡែកការល្បាតត្រួតពិនិត្យតាមផ្លូវជាតិលេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៧៣ លេខ៤១ លេខ៤៤ និងផ្លូវជាតិលេខ៥១ បានរកឃើញរយន្តល្មើស និងពិន័យសរុបចំនួន ១២ ៥៤០គ្រឿង៕
ប្រភព៖ Samdech Krolahom Sar Kheng