«ថ្ងៃជ័យជម្នះ៧មករា មិនត្រឹមតែជួយឱ្យជីវិតពលរដ្ឋខ្មែរបានរស់ឡើងវិញប៉ុណ្ណោះទេ តែក៏បានជួយឱ្យសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជារស់ឡើងវិញផងដែរ»


នេះជាប្រសាសន៍សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា ដែលពិធីនេះ បានរៀបចំធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។

ស្របពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា។ ពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ។ ការជួបជុំអបអរសាទរនេះ១០០ឆ្នាំនេះ ក៏ជាការបង្ហាញឱ្យពីការរីកចម្រើនលើផ្នែកជំនឿសាសនានៅកម្ពុជាផងដែរ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា គ្រិស្តបរិស័ទបានចូលរួមចំណែកយ៉ាងសំខាន់លើកិច្ចការសង្គមនៅកម្ពុជា ដូចជាបញ្ហាសង្គមការអភិវឌ្ឍន៍ធនធានមនុស្សវិស័យមនុស្សធម៌ និងសកម្មភាពផ្សេងៗជាច្រើនទៀត។

ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា ទាំងអស់ដែលបាននឹងកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា។ កម្ពុជាមានមោទនភាពចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តមិនមានជម្លោះសាសនាអ្វីឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមកនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃជ័យជម្នះ៧មករា មិនត្រឹមតែជួយឱ្យជីវិតពលរដ្ឋខ្មែរបានរស់ឡើងវិញប៉ុណ្ណោះទេ តែក៏បានជួយឱ្យសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជារស់ឡើងវិញផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោបានសង្កត់ធ្ងន់ថា ជម្លោះសាសនា គឺជាមហន្តរាយមួយដ៏ធំធេង ដែលមិនអាចឱ្យកើតមានឡើយនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានថ្លែងនូវការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រិស្តត្រូវសាមគ្គីគ្នាទាំងផ្ទៃក្នុង និងជាមួយសាសនាដទៃ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម ហើយសង្ឃឹមថា ថ្នាក់ដឹកនាំគ្រិស្តនៅកម្ពុជា នឹងជ្រើសតំណាងមួយ ដើម្បីជជែកជាមួយសាសនាដទៃ ក៏ដូចជាអាជ្ញាធរ ដើម្បីចូលរួមថែរក្សាការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។

គួរបញ្ជាក់ថា ការជួបជុំគ្នានៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ រវាងសម្តេច និងគ្រិស្តបរិស័ទ ដែលកន្លងមកតែងតែមានការជួបជាប្រចាំឆ្នាំ ក៏ប៉ុន្តែត្រូវបានអាក់ខានរយៈពេល៣ឆ្នាំកន្លងមកនេះដោយសារកូវីដ១៩ ៕