|

កម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងប្រារព្ធឡើងនៅថ្ងៃស្អែកនេះហើយ!


ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬជាកក្រក សភភព នឹងរៀបចំកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ខ្លួនគឺ កម្មវិធីសប្បុរសធម៌ នៅថ្ងៃសៅរ៍ ទី22 ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ វេលាម៉ោង៧:៣០នាទីព្រឹក ដល់ម៉ោង៤:៣០នាទីល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយបានសង្កេតឃើញពីជីវភាពខ្វះខាតរបស់និស្សិត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យ ទុរគតជន ចាស់ជរា កុមារកំព្រា ជនពិការ ជនរងគ្រោះ និងងាយរងគ្រោះ ព្រមទាំងតំបន់ដាច់ស្រយាលដែលជួបការលំបាក ទើបក្លឹបយុវជនកាកបាទក្រហមកម្ពុជា ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់ បានរៀបចំកម្មវិធីសប្បុរសនេះឡើងជារៀងរាល់ឆ្នាំ គិតមកដល់ឆ្នាំ២០២០នេះ កម្មវិធីនេះមានរយៈពេល១១ឆ្នាំហើយ។គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម÷

១. ជួយដល់សាស្រ្តាចារ្យ និងនិស្សិតដែលមានជីវភាពខ្វះខាតក្នុងការសិក្សា

២. ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលនៅតាមតំបន់ដាច់ស្រយាល

៣. ជួយអ្នកជំងឺដែលមានជីវភាពខ្វះខាត ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ

៤. ជួយឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា កុមារក្រីក្រ កុមារងាយរងគ្រោះ និងតំបន់ដែលជួបការលំបាកជាដើម។

ដើម្បីចូលរួមក្នុងការដោះស្រាយនូវបញ្ហាដែលកំពុងកើតមានដូចបានរៀបរាប់ខាងលើ តោះ! កុំភ្លេចចូលរួមក្នុងកម្មវិធីសប្បុរសធម៌លើកទី១១ទាំងអស់គ្នា។

អត្ថបទ៖ នឿន ស្រីណុច