| |

WHO បានអំពាវនាវឱ្យមានការត្រួតពិនិត្យជាបន្ទាន់ទៅលើថ្នាំក្អកមួយប្រភេទ ដែលមានសារធាតុពុលបណ្ដាលឱ្យស្លាប់ ក្នុងនោះកម្ពុជា ក៏អាចនឹងរងផលប៉ះពាល់ផងដែរ


កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅឆ្នាំ ២០២២ កុមារជាង ៣០០ នាក់ នៅក្នុងប្រទេសហ្គាំប៊ី ឥណ្ឌូនេស៊ី និងអ៊ូសបេគីស្ថានបានស្លាប់ដោយសាររបួសតម្រងនោមស្រួចស្រាវ ដែលពាក់ព័ន្ធទៅនឹងសារធាតុពុលដែលមានក្នុងថ្នាំមួយប្រភេទ ហើយកុមារទាំងនោះភាគច្រើនមានអាយុក្រោម៥ឆ្នាំ។

ក្រុមគ្រួសារ ជាច្រើន នៅប្រទេសឥណ្ឌូណេស៊ី ប្ដឹង រដ្ឋាភិបាល ជុំវិញ ការ ស្លាប់ ដោយសារ ថ្នាំ ដែលត្រូវបានដាក់លក់នៅតាមឱសថស្ថាននានា។

ជុំវិញបញ្ហានេះ អង្គការសុខភាពពិភពលោកបានលើកឡើងថា “សារធាតុកខ្វក់ទាំងនេះគឺជាសារធាតុគីមីពុល ដែលត្រូវបានប្រើប្រាស់ក្នុងថ្នាំមួយប្រភេទ អាចបណ្តាលឱ្យស្លាប់សូម្បីតែក្នុងបរិមាណតិចតួចក៏ដោយ ហើយមិនគួរត្រូវបានរកឃើញនៅក្នុងឱសថឡើយ”។

តាមការបញ្ជាក់របស់ WHO ក្រៅអំពីប្រទេសឥណ្ឌូនេស៊ី មានប្រទេសហ្វីលីពីន ទីម័រឡេស្តេ សេណេហ្គាល់ និងកម្ពុជា ក៏អាចនឹងរងផលប៉ះពាល់ ដោយសារអាចមានថ្នាំទាំងនេះដាក់លក់កំពុងចរាចរណ៍តាមឱសថស្ថាន។ WHO បានអំពាវនាវឱ្យមានសកម្មភាពនៅទូទាំងរដ្ឋជាសមាជិកចំនួន ១៩៤ និងអំពាវនាវដល់អ្នកពាក់ព័ន្ធសំខាន់ៗជាច្រើនដែលចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វេជ្ជសាស្ត្រ ចាត់វិធានការជាបន្ទាន់ និងសម្របសម្រួល ដើម្បីបង្ការការស្លាប់ជាបន្តបន្ទាប់ទៀត ដែលបង្កឡើងដោយថ្នាំក្អក ដែលផលិតដោយក្រុមហ៊ុនឱសថ Maiden របស់ប្រទេសឥណ្ឌា និង Marion Biotech ។

ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកក៏បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាប្រទេសនានា ត្រួតពិនិត្យឱ្យបានច្បាស់លាស់ដើម្បីធានាថាឱសថសម្រាប់លក់ត្រូវបានអនុម័តត្រឹមត្រូវ បង្កើនការឃ្លាំមើល និងចាត់វិធានការតាមការចាំបាច់។ ទន្ទឹមនឹងនេះ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយគួរតែពិនិត្យមើលសញ្ញានៃការក្លែងបន្លំ ហើយត្រូវចែកចាយ ឬលក់ថ្នាំដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប៉ុណ្ណោះ។

ដោយឡែក កាលពីឆ្នាំមុន WHO ក៏បានព្រមានផងដែរ ចំពោះថ្នាំក្អកដែលផលិតដោយក្រុមហ៊ុនផលិតឥណ្ឌូនេស៊ីចំនួនបួនគឺ PT Yarindo Farmatama, PT Universal Pharmaceutical, PT Konimex និង PT AFI Pharma ដែលត្រូវបានលក់ក្នុងស្រុក។

យ៉ាងណាមិញ ក្រុមហ៊ុនដែលពាក់ព័ន្ធ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត៕

ប្រភព: The Guardian