|

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ២០២៣-២០២៤


ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំរួមគ្នា ដោយគណៈអភិបាល និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ២០២៣-២០២៤ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។

យោងទៅតាមឯកឧត្តមអភិបាលរង បានគូសបញ្ជាកើថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២០-២០២៥) ដែលបានកំណត់អំពីចក្ខុវិស័យជាមូលដ្ឋានរួមមួយក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ហើយការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនាពេលនេះ ជាការប្រែក្លាយខ្លឹមសារនៃផែនការអភិវឌ្ឍន៍ដែលបានដាក់ចេញ ឱ្យក្លាយជាគម្រោងសកម្មភាពជាក់ស្តែង ឬសេវាជាក់ស្តែង ដោយមានភ្ជាប់មូលនិធិ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍នៅរាជធានីភ្នំពេញសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ។

មុននឹងឈានចូលទៅដល់ជំហានចុងក្រោយ ដែលជាកិច្ចប្រជុំពិនិត្យ និងអនុម័តដោយក្រុមប្រឹក្សារាជធានី សេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យ និងផ្តល់យោបល់ ដោយគណៈអភិបាល និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ជាមុនសិន ។

គម្រោងសកម្មភាពជាអាទិភាពដែលបានដាក់ចេញ ត្រូវរៀបចំឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច មានភាពត្រឹមត្រូវតាមនីតិវិធីដែលបានកំណត់ និងការណែនាំរបស់ថ្នាក់ជាតិ ហើយមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់រាជធានីផង និងរួមចំណែកលើកកម្ពស់ជីវភាពនិងសុខមាលភាពរបស់ប្រជាពលរដ្ឋផង៕

ប្រភព: ឯកឧត្តម នួន ផារ័ត្ន