|

សម្ដេចតេជោសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបំផុសចលនាជាតិ រាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES២០២៣ ឱ្យផ្ទុះឡើង ដែលនឹងចាប់ផ្ដើមរាប់ថយក្រោយនាថ្ងៃទី២៥ ខែមករា ខាងមុខនេះ


មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន៦,៧៩១នាក់ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មកពី ៤សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត) នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការរំលឹកថា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាយើងនឹងធ្វើយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES២០២៣។

សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាយើងបានទង្ទឹងរង់ចាំអស់រយៈពេល៦០ឆ្នាំកន្លងមកហើយ សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ម្ខាងដោយសារសភាពការណ៍ប្រទេសយើង ម្ខាងទៀតយើងមានអំណោយពីសន្ដិភាព ក៏ប៉ុន្តែយើងពុំទាន់មានភាពល្អប្រសើរផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវនេះ ជាឱកាសរបស់កម្ពុជា ដែលយើងមានព្រឹត្តិការណ៍ធំៗ៣ឆ្នាំជាប់គ្នា ដោយក្នុងឆ្នាំ២០២១ យើងធ្វើជាប្រធានអង្គប្រជុំអាស៊ី-អ៊ឺរ៉ុប ដែលមាន៥២ ប្រទេសចូលរួម ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ យើងក៏ត្រូវប្រជុំតាមប្រព័ន្ធអនឡាញ ដែលទទួលបានលទ្ធផលជោគជ័យយ៉ាងប្រសើរ។ ក្នុងឆ្នាំ២០២២ ពេញមួយឆ្នាំ យើងបានកាន់តំណែងជាប្រធានអាស៊ានប្ដូរវេន ដែលជាជោគជ័យមហិមា សម្រាប់ជាតិ និងប្រជាជន។ ដោយឡែក ក្នុងឆ្នាំ២០២៣នេះ ក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កីឡាស៊ីហ្គេម ដែលនឹងមានកីឡាករ កីឡាការនី រាប់ពាន់នាក់មកពីបណ្ដាប្រទេសសមាជិកអាស៊ាន នឹងមកចូលរួមប្រកួត។

ក្នុងឱកាសនេះ សម្ដេចតេជោក៏បានសូមសូមឱ្យប្រជាពលរដ្ឋទាំងអស់បំផុសចលនាជាតិមួយឡើង ដោយការចូលរួមរាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES២០២៣ ឱ្យផ្ទុះឡើង ដែលយើងនឹងចាប់ផ្ដើមរាប់ថយក្រោយទាំងអស់គ្នា នាថ្ងៃទី២៥ ខែមករា ខាងមុខនេះ រហូតដល់ថ្ងៃចាប់ផ្ដើមការប្រកួត។ ក្នុងព្រឹត្តិការណ៍នេះ ព្រះមហាក្សត្រ ទ្រង់នឹងយាងប្រទានព្រះភ្លើងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីអតីតរាជធានីអង្គរ ក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ថា ស្ថិតក្នុងការរង់ចាំរយៈពេល៦០នេះ កម្ពុជាបានយកពេលនោះកសាងគេហដ្ឋានរចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗ។ ពេលនេះយើងទទួលបានហេដ្ឋារចនាសម្ព័ន្ធចាំបាច់សំខាន់ៗ ហើយជាពិសេសហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់គ្រាន់ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ Sea Games ខាងមុខនេះ។ ជាមួយគ្នានេះ កម្ពុជាមិនត្រឹមតែជាម្ចាស់ផ្ទះសម្រាប់ការដណ្ដើមមេដាយទេ ប៉ុន្តែយើងនឹងធ្វើជាម្ចាស់ផ្ទះដោយមានការទទួលខុសត្រូវ ផ្ដល់នូវសុវត្ថិភាពសម្រាប់កីឡាករ កីឡាការនី និងថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនានា ព្រមទាំងផ្ដល់នូវការសប្បាយរីករាយក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ។