សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដោយហាមមិនឱ្យមានការនាំចូលផាវ កាំជ្រួចជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ ចាប់ពីពេលនេះរហូតដល់ថ្ងៃចូលឆ្នាំចិន


ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម និងខិតមកដល់នាពេលដ៏ខ្លីខាងមុខនេះគឺនៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ជាទូទៅ បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជាប់ខ្សែស្រឡាយចិន និងវៀតណាម តែងនាំគ្នាធ្វើពិធីសែនព្រេន និងការជួបជុំកម្សាន្តសប្បាយ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរាជរដ្ឋាភិបាល និងសារធារណៈជនទាំងអស់មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ រួមទាំងហាមលេងល្បែងស៊ីសង និងហែរក្បូនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុតកុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

ដោយឡែក នៅគ្រប់ទីកន្លែងកម្សាន្តនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នចំពោះការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កគ្រោះអគ្គិភ័យជាយថាហេតុ៕

រូបភាព: BBC