| |

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧ មករា លើកទី៤៤


«ប្ដេជ្ញាការពារស្មារតី០៧ មករា ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារបុព្វការីថ្ងៃជ័យជម្នះ ០៧ មករា ជារៀងរហូត» «ប្ដេជ្ញាការពារសមិទ្ធផល ០៧ មករា ការពារឯករាជ្យ អធិបតេយ្យភាព ការពារសន្តិភាព ស្ថិរភាពឱ្យបានជាដាច់ខាត» «ប្ដេជ្ញាចូលរួមយ៉ាងសកម្មស្មោះត្រង់ ដោយស្មារតីមុតស្រួចក្នុងការកែទម្រង់ស៊ីជម្រៅ ក្រោមអភិក្រមទាំង៥ ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់» «ប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត» «ប្ដេជ្ញា បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសយូរអង្វែងតទៅ»។ នេះជាប្រសាសន៍ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលរងរាជធានីភ្នំពេញ ប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះថ្ងៃជ័យជម្នះ ០៧ មករា នៅចំពោះមុខសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរខួបអានុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍។

ក្នុងពិធីអបអរខួបអានុស្សាវរីយ៍លើកទី៤៤ (០៧ មករា ២០២៣)មានការរៀបចំឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈបក្សប្រជាជន រួមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់គណៈបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។

គួរជម្រាបផងដែរថា ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួបអានុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (០៧ មករា ១៩៧៩- ០៧ មករា ២០២៣) ដែលជាថ្ងៃកំណើតទីពីររបស់ប្រជាជាតិកម្ពុជា។ ក្នុងការស្មារតីនៃការដឹងគុណ និងជាការរំលឹកដល់វីរភាពរបស់ឥស្សរជនខ្មែរ ដែលបានលះបង់កម្លាំងកាយចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការនាំមកនូវសន្តិភាព និងអធិបតេយ្យភាពដល់ប្រទេសជាតិដ៏កំសត់មួយនេះ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស តែងសម្ដែងការអបអរ និងសាទរ ចំពោះជ័យជម្នះដ៏ត្រចះត្រចង់មួយនេះ ជារៀងរាល់ថ្ងៃទី០៧ ខែមករា ជារៀងរាល់ឆ្នាំ។ ក្នុងស្មារតីនេះ ក៏ជាការបណ្ដុះឆន្ទៈដល់យុវជនជំនាន់ក្រោយឱ្យចេះរួបរួមគ្នារក្សាសន្តិភាពដែលបានមកដោយលំបាកនេះ ឱ្យខានតែបាន ដើម្បីសុខមាលភាពរបស់ប្រជាជាតិកម្ពុជា ក៏ដូចជាជាមូលដ្ឋាននាំមកនូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន៕