|

ឯកឧត្តម នួន ផារ័ត្ន៖ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងអាណាព្យាបាលសិស្សចូលរួមដើម្បីធានាប្រសិទ្ធភាពនៃ «គន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ»


កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបើកបវេស្សនកាលថ្មីរបស់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។

ក្នុងឱកាសនៃទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលរងរាជធានីភ្នំពេញ បានសម្ដែងការសាទរ និងកោតសសើរ ចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ ប្អូនៗសិស្សានុសិស្ស តាមរយៈការទទួលយកចំណេះដឹងពីលោកគ្រូ-អ្នកគ្រូ ជាពិសេសនៅក្នុងកាលៈទេសៈដែលស្ថានភាពកូវីដ-១៩ អាចគ្រប់គ្រងបាន និងអនុញ្ញាតឱ្យមានការសិក្សារៀនសូត្របានពេញលេញនៅសាលារៀនផ្ទាល់ ធ្វើឱ្យឆ្នាំសិក្សាកន្លងទៅនេះ អាចសម្រេចទៅបានប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។

គួរជម្រាបផងដែរថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយក្នុងចំណោមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ដោយឡែក ក្នុងពេលដែលកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលជួបប្រទះនូវវិបត្តិសង្គមដែលបង្កឡើងដោយជំងឺឆ្លង បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសិក្សារបស់សិស្សានុសិស្ស ដែលនាំឱ្យការសិក្សារៀនសូត្ររបស់ប្អូនៗ មិនអាចប្រព្រឹត្តិទៅតាមគន្លងប្រក្រតីភាពបាន។

យ៉ាងណាមិញ ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពនៃការអប់រំ បណ្ដុះបណ្ដាល និងផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សក្នុងស្ថានភាពដ៏លំបាកនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ បានដាក់ចេញនូវមធ្យោបាយសិក្សារៀនសូត្រតាមបែបផែនថ្មី ដែលគាំទ្រដោយបច្ចេកវិទ្យាទំនើប សំដៅលើកកម្ពស់គុណភាព និងសមត្ថភាពរបស់សិស្ស-និស្សិត ឆ្លើយតបទៅនឹងតម្រូវការងារទីផ្សារការងារ។ ទន្ទឹមនឹងនេះ មធ្យោបាយស្វ័យសិក្សា ឬការសិក្សាតាមប្រព័ន្ធអនឡាញនេះ ក៏ជាការឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យាផងដែរ។

ក្នុងន័យនេះដែរ ឯកឧត្តម នួន ផារ័ត្ន ក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញ លោកគ្រូ-អ្នកគ្រូ និងអ្នកអាណាព្យាបាលសិស្ស សូមបន្តគាំទ្រដល់ការសិក្សារៀនសូត្ររបស់ប្អូនៗសិស្សានុសិស្ស សំដៅធានាលើកកម្ពស់ និងធានាប្រសិទ្ធភាពនៃ «គន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ» តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងការមកទទួលវ៉ាក់សាំងឱ្យបានពេញលេញ៕

ប្រភព៖ Nuon Pharath-នួន ផារ័ត្ន