| |

តួលេខភ្ញៀវទេសចរមានការកើនឡើងជាង៧០% បើធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២


ក្នុងឱកាសអបអរពិធីបុណ្យឆ្លងឆ្នាំសកល ឈានចូលឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋតាមបណ្ដារាជធានី-ខេត្ត បានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានាយ៉ាងច្រើនកុះករ។ ជាក់ស្ដែង យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។

ដោយឡែក សម្រាប់គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពត ខេត្តបាត់ដំបង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាមជាដើម ហើយក្នុងនោះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេ ចំនួន៤៥៥,៨៣២នាក់ ។ តួលេខនេះ មានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។

គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។

ប្រជាពលរដ្ឋមួយចំនួនទៀត បានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម។

យ៉ាងណាមិញ ការដែលយើងមានលទ្ធភាពបង្កលក្ខណៈជួបប្រមូលផ្ដុំគ្នា បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់កម្ពុជា ដែលបានរំដោះខ្លួនពីជំងឺឆ្លងរហូតទទួលបានជោគជ័យក្នុងកម្រិតខ្ពស់។ ជាមួយនឹងសុខសន្តិភាព និងការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ក៏ដូចជាការរួមចំណែកពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស បាននាំមកនូវការអភិវឌ្ឍ ភាពសុខសប្បាយ តាមរយៈការរស់នៅ ការប្រារព្ធពិធីជួបជុំ អបអរក្នុងឱកាសពិសេសនានា ក៏ដូចជាការដំណើរការសង្គម សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពផងដែរ៕

ប្រភព៖ ក្រសួងទេសចរណ៍