|

ឯកឧត្តម ហ៊ុន ម៉ានី: «ក្រោមម្លប់នៃសន្តិភាព បានផ្ដល់នូវការជួបជុំ ភាតរភាព និងការសប្បាយរីករាយដល់ប្រជាជនខ្មែរ»


ឯកឧត្តម ហ៊ុន ម៉ានី: «ក្រោមម្លប់នៃសន្តិភាព បានផ្ដល់នូវការជួបជុំ ភាតរភាព និងការសប្បាយរីករាយដល់ប្រជាជនខ្មែរ» មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញផ្ដល់បទសម្ភាសនារាត្រីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នៅពហុកីឡដ្ឋានខេត្តកំពង់ស្ពឺនាថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសជួបជុំដ៏សប្បាយរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឆ្លុះបញ្ចាំង និងសម្ដែងការថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ រហូតទទួលបានជោគជ័យ ដែលអនុញ្ញាតឱ្យមានការដំណើរការជាប្រក្រតីភាពឡើងវិញ លើផ្នែកសង្គម-សេដ្ឋកិច្ច។ ការណ៍នេះ បានអនុញ្ញាតឱ្យយើងមានលទ្ធភាពគិតគូររៀបចំសកម្មភាពប្រមូលផ្ដុំនានាទូទាំងប្រទេស ជាក់ស្ដែងដូចជាការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំនៅកីឡដ្ឋានខេត្តកំពង់ស្ពឺនេះផ្ទាល់។

ឯកឧត្តម ព្រមទាំងបានគូសបញ្ជាក់ថា បើគ្មានសុខសន្តិភាព យើងក៏ពុំមានឱកាសបានជួបជុំបែបនេះដែរ។ នេះជាមោទកភាពមួយ ដែលកម្ពុជាយើង ជាប្រទេសតូចតែមានបេះដូងធំ មានសមត្ថភាពគ្រប់គ្រង និងការពារបូរណភាពទឹកដី ធានាបាននូវសុខមាលភាពរបស់ប្រជាជន ជាពិសេសធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ក្នុងព្រឹត្តិកាណ៍ឆ្លងឆ្នាំរយៈពេល០៤ថ្ងៃនេះ មានកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ជាពិសេសការរៀបចំឱ្យមានកម្មវិធីប្រដាល់សេរីគុនខ្មែរ ការប្រគុំតន្រ្តីដ៏ធំ អមជាមួយដោយការបាញ់កាំជ្រួចអបអរ ដែលផ្ដល់នូវភាពកម្សាន្តសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផ្ទាល់ ក៏ដូចជាបងប្អូនមកពីរាជធានី-ខេត្តផ្សេងៗផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្ថាប័នជាដៃគូសហការ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍អបអរឆ្លងចូលឆ្នាំថ្មី ២០២៣ ក្នុងទីតាំងកីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមតាមការគ្រោងទុក៕