|

អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតជាង៥ម៉ោង នៅមិនទាន់រលត់ជាស្ថាពរ


អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះកាស៊ីណូមួយកន្លែងនៅច្រកអន្តរជាតិប៉ោយប៉ែត (Casino Poipet Resort – Grand Diamond City) កណ្ដាលក្រុងប៉ោយប៉ែត ដែលបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ចកម្ពុជា និងខាងសមត្ថកិច្ចថៃ រួមទាំងកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យចុះទៅជួយអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើងតាំងពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យមិនទាន់រលត់ជាស្ថាពរនៅឡើយទេ។

ក្នុងហេតុការណ៍ដ៏រន្ធត់នេះ មានបុគ្គលិកបម្រើការងារជាច្រើនដែលត្រូវបានជម្លៀសខ្លួន និងមួយចំនួនទៀត ត្រូវបានជាប់នៅលើអគារ និងធ្លាក់ពីលើអគារខណៈពេលភ្លើងកំពុងឆាបឆេះ។ អាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជូនឧទ្ធម្ភាគចក្រ និងកងកម្លាំងកុម្មង់ដូ ដើម្បីជម្លៀសបុគ្គលិកទាំងនោះពីដំបូលអគារ។

មកទល់ពេលនេះ ទំហំនៃការខូចខាតនៃការខូចខាតនៅមិនទាន់អាចប៉ាន់ប្រមាណបាននៅឡើយ ខណៈដែលកម្លាំងនគរបាលជាង៣០០នាក់ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមសង្រ្គោះបាននឹងកំពុងបន្តពន្លត់ និងសង្រ្គោះយ៉ាងយកចិត្តទុកដាក់៕

ប្រភព: នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនឹងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ