សម្ដេចនាយករដ្ឋមន្ត្រី អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដោយកុំខ្លាចប៉ូលិសចរាចណ៍ តែត្រូវខ្លាចច្បាប់
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងជាង៩៥គីឡូម៉ែត្រ។
ការសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១នេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បាននាំមកនូវភាពងាយស្រួល និងឆាប់រហ័សក្នុងការធ្វើដំណើរ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍។ សម្ដេចបានលើកឡើងថា សុំកុំខ្លាចប៉ូលិសចរាចណ៍ តែត្រូវខ្លាចច្បាប់។ សម្ដេចបានមានប្រសាសន៍ថា យើងមានផ្លូវល្អហើយ មានយាន្តជំនិះល្អហើយ ដូច្នេះត្រូវចេះប្រុងប្រយ័ត្នការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃផងដែរ។
គួរបញ្ជាក់ថា គម្រោងនេះនឹងត្រូវអនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC និងត្រូវត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន ០៤ខែ និងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយត្រូវចំណាយថវិការសរុបប្រមាណជាង៦៧លានដុល្លារសហរដ្ឋអាមេរិក។ ឆ្លៀងក្នុងឱកាសនេះ សម្ដេច បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃប្រទេសចិន ដែលបានផ្ដល់ឥណទានសម្រាប់លើកកម្ពស់ផ្លូវជាតិលេខ៤១នេះផងដែរ៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister