រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា៖ មិនអនុញ្ញាតឱ្យមានសំណង់អនាធិបតេយ្យកើតមាននៅលើដីសាធារណៈរបស់រដ្ឋនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនោះទេ
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន ភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ តាមក្រុង ស្រុក កាលពីពេលថ្មីៗកន្លងទៅនេះ។
ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្ត មិនអនុញ្ញាតឱ្យមានសំណង់អនាធិបតេយ្យកើតមាននៅលើដីសាធារណៈរបស់រដ្ឋនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនោះទេ ព្រោះវាធ្វើឱ្យបាត់បង់សោភ័ណភាព បរិស្ថានក្រុង ខេត្តព្រះសីហនុរបស់យើង ដែលមតិប្រតិភូអន្តរជាតិបានកោតសរសើរ និងវាយតម្លៃខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្នមានលំហរឆ្នេរសាធារណៈ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ មានភ្លើងបំភ្លឺសាធារណៈជាដើម ក្នុងឱកាសដែលគណៈប្រតិភូអន្តរជាតិបានមកចូលរួមបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកលើក១៦ ឆ្នាំ២០២២ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះនៅលើទឹកដីខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិ ទី៣ ឆ្នាំ២០២២ មានសំណួរ និងសំណូមពរសរុបចំនួន៣០ ក្នុងនោះប្រជាពលរដ្ឋឡើងលើកជាសំណួរ និងសំណូមពរចំនួន ៩នាក់ និងសំបុត្រ២១ មតិភាគ ច្រើនលើកជាសំណូមពរក្នុងការកសាងពង្រីកផ្លូវ និងប្រព័ន្ធអូរ ប្រឡាយ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងបកស្រាយពីសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលបានលើកជាសំណូមពរ និងសុំបើកពង្រីកផ្លូវសាធារណៈនៅតាមមូលដ្ឋាន ប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរួមគ្នាធ្វើការដោះស្រាយនូវសំណូមពរ កង្វល់ និងការពិនិត្យសំបុត្រដែលបានដាក់ចូលក្រុមការងារវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់នាពេលនេះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានទទួលយកសំណើ និងសំណូមពររបស់អ្នកចូលរួមដែលបានស្នើសុំខាងលើ និងដោះស្រាយកង្វល់របស់មូលដ្ឋានដោយបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុង សង្កាត់ មន្ត្រីជំនាញ និងបងប្អូនប្រជាពលរដ្ឋចូលរួមសិក្សារួមគ្នាគ្រប់គ្រងសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីភាពស្អាតបញ្ចៀសនូវការបោះចោលសំរាមនៅតាមអូរ ប្រឡាយបង្កឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ