|

អ្វីជាលទ្ធផលរំពឹងទុករបស់អឺរ៉ុប ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន?


ជំនួបរវាងមេដឹកនាំមកពីសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កា ជាមួយនឹងការប្តេជ្ញាចិត្តចំពោះភាពជាដៃគូយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តតាមបទបញ្ជាអន្តរជាតិផ្អែកលើច្បាប់ចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។

ពាក់ព័ន្ធជាមួយនឹងកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អឺរ៉ុប ត្រូវបានគេមើលឃើញថា អឺរ៉ុបចង់រក្សាទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយអាស៊ានដោយផ្អែកលើចំណុចមួយចំនួន។ ទីមួយ សហភាពអឺរ៉ុបកំពុងស្វែងរកប្រភពនៃវត្ថុធាតុដើមដូចជាលីចូម ដែលអាស៊ានអាចផ្តល់ឱ្យបាន។

អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់សហភាពអឺរ៉ុប បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ដែលការជួញដូរទំនិញមានតម្លៃជាង ២១៥,៩ពាន់លានអឺរ៉ូ (២២៩,៩ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១។ ផលិតផលគីមី គ្រឿងចក្រ និងឧបករណ៍ដឹកជញ្ជូន គឺជាទំនិញនាំចេញដ៏សំខាន់របស់សហភាពអឺរ៉ុបទៅកាន់បណ្តាប្រទេសអាស៊ាន ខណៈដែលការនាំចូលរួមមានគ្រឿងម៉ាស៊ីន និងឧបករណ៍ដឹកជញ្ជូន ផលិតផលកសិកម្ម វាយនភ័ណ្ឌ និងសម្លៀកបំពាក់។

ប្លុកទាំងពីរបានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងឆ្នាំ២០០៧ ប៉ុន្តែផ្ទុយទៅវិញបានជ្រើសរើសកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ ទោះជាយ៉ាងណាក៏ដោយ យោងតាមគណៈកម្មការអឺរ៉ុប កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីទាំងនេះ អាចធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអាស៊ាននាពេលអនាគត។

សហភាពអឺរ៉ុបបានចាប់ផ្តើមការចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាននីមួយៗដូចជាសិង្ហបុរី និងម៉ាឡេស៊ីក្នុងឆ្នាំ ២០១០ វៀតណាមក្នុងឆ្នាំ ២០១២ ថៃក្នុងឆ្នាំ ២០១៣ ហ្វីលីពីននៅឆ្នាំ ២០១៥ និងឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦ ។

នៅមានសក្តានុពលជាច្រើនដែលត្រូវបានសម្លឹងឃើញក្នុងប្លុកអាស៊ាន ដែលកំពុងតែវិវត្តខ្លួនក្លាយជាមហាសេដ្ឋីលំដាប់ទី ៥ នៅលើពិភពលោកក្នុងរយៈពេល ៤ ឬ ៥ ឆ្នាំខាងមុ

ប្រធានគណៈកម្មការអឺរ៉ុប Ursula Von Der Leyen ក៏ត្រូវបានគេរំពឹងថានឹងដាក់ចេញកញ្ចប់វិនិយោគរបស់សហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញ ការដឹកជញ្ជូន វិស័យឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធជាមួយបណ្តាប្រទេសអាស៊ានផងដែរ៕

ប្រភព៖ DW