| |

៣ថ្ងៃនៃបុណ្យអុំទូក កម្ពុជាទទួលបានភ្ញៀវទេសចរជាង២លាននាក់

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២,៥៧៨,៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧នាក់។

សម្រាប់គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកែ។

ប្រភពដដែលបានបញ្ជាក់ថា តួលេខខាងលើមានការកើនឡើង១៨៣.៣៤% បើធៀបនឹងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១។

នាឱកាសថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តត្បូងឃ្មុំបានរៀបចំពិធីបុណ្យអុំទូកក្នុងមូលដ្ឋានរបស់ខ្លួនដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ខណៈដែលបណ្តាខេត្តមួយចំនួនផ្សេងទៀតបានរៀបចំរួចហើយ។

ដោយឡែក បណ្តាខេត្តផ្សេងទៀតដែលមិនមានការរៀបចំពិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀបចំជាកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ថា ចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុ មានការមមាញឹកខ្លាំង និងមានការកកស្ទះដោយអន្លើៗនៅតាមទីតាំងមួយចំនួន។

បើតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅនានា ត្រូវបានភ្ញៀវស្នាក់នៅពេញស្ទើរ១០០% ស្របពេលដែលចរន្តភ្ញៀវទេសចរមានសភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស។

រដ្ឋបាលរាជធានី-ខេត្ត គណៈបញ្ជាការឯកភាព និងមន្ទីរជំនាញបានចាត់តាំងកម្លាំងសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខ សណ្តាប់ធា្នប់នៅតាមទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់ដោយកន្លែងក៏ដោយ៕

ប្រភព: ក្រសួងទេសចរណ៍