ថៃរឹបអូសសាច់ជ្រូក រត់ពន្ធពីកម្ពុជា ជិត ៥ តោននៅច្រកព្រំដែនធម្មជាតិស្រុកអារញ្ញ
មន្ត្រីក្រសួងអភិវឌ្ឍន៍បសុសត្វ និងទាហានព្រំដែនថៃ បានរឹបអូសសាច់ជ្រូកប្រមាណ ៥ តោន ដែលបានរត់ពន្ធចូលប្រទេសថៃពីកម្ពុជាតាមច្រកព្រំដែនធម្មជាតិក្នុងស្រុកអារញ្ញខេត្ត ស្រះកែវ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ។
អគ្គនាយករងនៃនាយកដ្ឋាន លោក Chaiwat Yothakol មានប្រសាសន៍ថា ការរឹបអូសយកសាច់ជ្រូកនេះ ធ្វើឡើងនៅពេលដែលក្រុមអ្នករត់ពន្ធ ហៀបនឹងផ្ទុកសាច់ជ្រូកទៅក្នុងឡានទឹកកករង់ចាំ ដែលចតនៅជិតព្រំដែន។
សាច់ជ្រូកដែលរឹបអូសបាន ក្រោយមកត្រូវបានកប់នៅកន្លែងចាក់សំរាមដែលជាកម្មសិទ្ធិរបស់ប៉ុស្តិ៍ត្រួតពិនិត្យសត្វ ដើម្បីការពារការរីករាលដាលនៃជំងឺផ្សេងៗ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF)។
គួរបញ្ជាក់ថា នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វប្រទេសថៃ បាននឹងកំពុងបង្រ្កាបសាច់ជ្រូក និងឆ្អឹងជ្រូកដែលត្រូវបានរត់ពន្ធចូលប្រទេស ដើម្បីការពារការចិញ្ចឹមជ្រូកក្នុងស្រុក និងឧស្សាហកម្មនាំចេញសាច់ជ្រូកប្រឆាំងនឹងការរីករាលដាលនៃមេរោគ ASF៕
ប្រភព៖ Thaipbworld