|

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លើកទឹកចិត្តអ្នកវិនិយោគិន ឱ្យបន្តវិនិយោគលើវិស័យផ្សារទំនើបដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ


កាលព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមសម្ពោធជាផ្លូវការនូវភោជនីយដ្ឋានចំនួន៣កន្លែង ក្នុងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ផ្សារទំនើបជីប ម៉ុងមេហ្គាម៉លនេះ ជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ ដែលបានលើកកម្ពស់សោភ័ណភាព ផាសុកភាព បរិស្ថាន និងអនាម័យល្អ រួមចំណែកដល់ការអភិវឌ្ឍរាជធានីភ្នំពេញនៅតំបន់ប៉ែកខាងត្បូង។​ ជាមួយគ្នានេះ ក៏បានបង្ហាញពីសក្ដានុពលរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមផងដែរ។

អបអរជាមួយសមិទ្ធផលថ្មីនេះ ឯកឧត្តម នួន ផាររ័ត្ន បានលើកទឹកចិត្តដល់អ្នកវិនិយោគិនទាំងឡាយ ឱ្យបន្តវិនិយោគក្នុងវិស័យផ្សារទំនើបនេះបន្ថែមទៀត ជាមួយនឹងការធានាបាននូវសុខសុវត្ថិភាព ក្រោមដំបូលនៃសុខសន្តិភាព ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍បន្ថែម និងការគាំទ្រជាច្រើនទាំងក្នុងក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័នមានសមត្ថកិច្ច ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ជាតិមាតុភូមិ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉លនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជាង៤១ហិកតា ដោយក្រុមហ៊ុនជីប ម៉ុង រីថែល។ ជាមួយនឹងការរចនាម៉ូដដ៏ទាក់ទាញ ផ្សារទំនើបមួយនេះ ប្រមូលផ្ដុំទៅដោយផលិតផល ប្រេនល្បីៗ រួមទាំងអាជីវកម្មក្នុងវិស័យម្ហូបអាហារ ដែលនាំមកនូវមុខម្ហូបដ៏សម្បូរបែប រសជាតិឆ្ងាញ់ពិសារ និងប្រណីតភាពផងដែរ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Noun Pharath- នួន ផារ័ត្ន