|

មិនចាំបាច់ទៅដល់ក្រៅប្រទេសទេ ឥឡូវនេះអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ ដំបូងគេបង្អស់នៅកម្ពុជាបានបើកដំណើរការហើយលើទឹកដីអង្គរ


សម្រាប់ភ្ញៀវទេសចរ ដែលកំពុងស្វែងរកកន្លែងកម្សាន្តស្អាតៗ ប្លែកៗ ពុំគួរមើលរំលងផលិតផលទេសចរណ៍ថ្មី ដែលពុំធ្លាប់មាននៅកម្ពុជាមួយនេះទេ។ កន្លងមក បើចង់ទស្សនាឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោកបែបនេះ ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរកម្សាន្តទៅបរទេស ដោយឡែកពេលនេះ ពុំចាំបាច់ទៅណាឆ្ងាយនោះទេ អាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះហើយ នៅលើទឹកដីខេត្តសៀមរាប។

អាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទនេះ មានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប ដែលនឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស​ ព្រមទាំងមានសត្វច្រើនប្រភេទដូចជា សត្វខ្លាមកពី ប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំជាដើម។

​លើសពីកន្លែងកម្សាន្ត សួនឧទ្យាននេះនឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ រួមចំណែកក្នុង​វិស័យអប់រំ ផ្ដោតលើបរិស្ថាន និងការអភិរក្ស និងរួមចំណែកទាក់ទាញដល់ការវិនិយោគនានាក្នុងខេត្តសៀមរាប ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា សួងឧទ្យាននេះស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៦ ភូមិក្បូនឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

ដោយ៖​ Phat koemchhe
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប, Angkor Wildlife & Aquarium